ឥណ្ឌូនេស៊ី ក្លាយជាសមាជិកអាស៊ានចុងក្រោយ ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP

អន្តរជាតិ

ថ្មីៗនេះ សភារបស់ប្រទេសឥណ្ឌនេស៊ី បានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួនពីរ សម្រាប់ការចូលជាសមជិកនៃភាពជាគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ ឬ ហៅកាត់ថា (RCEP) និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូងផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ឥណ្ឌូនេស៊ី បានក្លាយជាសមាជិកចុងក្រោយមួយរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ។

លើសពីនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បាននិយាយថាកិច្ចព្រមព្រៀង RCEP នេះ នឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាអាចបង្កើនកំណើន GDP របស់ប្រទេស ដល់អត្រា ០,០៧% ផងដែរ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នេះ បានគ្រប់ដណ្តប់ជិតមួយភាគបីនៃចំនួនប្រជាជនពិភពលោក និងប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុប ហើយកិច្ចព្រមព្រៀងដ៏ធំមួយនេះផងដែរ ត្រូវបានឯកភាពដំបូងដោយ មេដឹកនាំប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ។

RCEP បានដាក់ចូលជាធរមាននៅក្នុងខែមករាឆ្នាំ ២០២២ នេះ បន្ទាប់ពីប្រទេសចំនួនប្រាំពីរ នៅតំបន់អាស៊ីអាគ្នេយ៍ និងអូស្ត្រាលី ចិន ជប៉ុន និងនូវែលសេឡង់ បានផ្តល់សច្ចាប័នរួមគ្នា លើកិច្ចព្រមព្រៀងមួយនេះ កាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយកូរ៉េខាងត្បូងវិញ គឺជាការផ្លាស់ប្តូរដ៏ធំមួយផ្សេងទៀត របស់ឥណ្ឌូនេស៊ី ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត លើវិស័យរថយន្តអគ្គិសនី និងអាគុយ ដែលបានដាក់ចេញដោយប្រធានាធិបតី លោក Joko Widodo ក្នុងការប្រើប្រាស់ធនធានរ៉ែនីកែល ដែលឥណ្ឌូនេស៊ីមាន ។

នៅក្រោមកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូងនេះ រដ្ឋាភិបាលទីក្រុងហ្សាការតា និងរដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងលុបចោលជាង ៩២% ទៅ ៩៥% នៃរនាំងពន្ធរៀងៗខ្លួន។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌូណេស៊ី ក៏នឹងផ្តល់ការអនុគ្រោះពន្ធ ដើម្បីគាំទ្រដល់ការវិនិយោគរបស់កូរ៉េខាត្បូង ក្នុងវិស័យជាច្រើន ចាប់ពីរថយន្ត រហូតដល់សម្លៀកបំពាក់៕