Berkshire Hathaway Inc ដែលជាក្រុមហ៊ុនវិនិយោគ ស្ថិតក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋី Warren Buffett ថ្មីៗនេះ បានប្រកាសលក់ភាគហ៊ុនចំនួន ១,៣៣ លានហ៊ុន នៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីធំបំផុតរបស់ចិន BYD ដែលបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនហុងកុង ក្នុងតម្លៃប្រហែល ៣៧០ លានដុល្លារហុងកុង ឬ ៤៧,១៥ លានដុល្លារ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន ។
ការលក់ភាគហ៊ុនចុងក្រោយនេះ បានធ្វើឱ្យ Hathaway កាត់បន្ថយការកាន់កាប់ភាគហ៊ុនរបស់ខ្លួន ពី ២០,៤៩% មកសល់ត្រឹម ១៩,៩២% ប៉ុណ្ណោះ នៃភាគហ៊ុនសរុបនៅក្នុងក្រុមហ៊ុន BYD ។ នេះយោងតាមឯកសារមួយលើផ្សារហ៊ុនហុងកុង ដែលបានបង្ហាញកាលពីថ្ងៃអង្គារ ។
ឯកសារនេះ ត្រូវបានបញ្ជាក់ជាលើកដំបូង នៅពេលដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Buffett កំពុងកាត់បន្ថយភាគហ៊ុនរាប់ពាន់លានដុល្លារ របស់ខ្លួន នៅក្នុងក្រុមហ៊ុន BYD ខណ:ភាគហ៊ុនទាំងនោះ បានកើនឡើងច្រើនជាងប្រាក់ចំណេញ នៅឆមាសទីមួយ បីដង បើធៀបនឹងរយ:ពេលដូចគ្នា កាលឆ្នាំមុន ។
រំលឹកផងដែរថា Berkshire បានទិញយកភាគហ៊ុននៅក្នុង BYD ចំនួន ២២៥ លានហ៊ុន ក្នុងឆ្នាំ ២០០៨ ដោយបានផ្តល់ឱ្យពួកគេ នូវសិទ្ធិកាន់កាប់ភាគហ៊ុនរហូតដល់ ២០,៤៩% ខណ:ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ បានចំណាយទឹកប្រាក់ចំនួន ២៣៤ លានដុល្លារ សម្រាប់ការទិញយកភាគហ៊ុនទាំងនោះ ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ BYD បានបង្ហាញឱ្យដឹង ៕