កាលពីថ្ងៃអង្គារ៍កន្លងទៅ ក្រុមហ៊ុន Country Garden Holdings បានទម្លាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៩៦% នៅឆមាសទី១ ឆ្នាំ ២០២២ ដែលជាតួលេខអាក្រក់បំផុតតាំងពីក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅហុងកុងឆ្នាំ ២០០៧។

ក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតនៅចិនខាងលើបានរាយការណ៍ថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះមក ៦១២ លានយ័ន ឬជិត ៩០ លានដុល្លារក្នុងរយៈពេល ៦ ខែតំបូងនៃឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយពី Bloomberg។

ខុសពីដៃគូប្រជែងឯទៀត អតិថិជនគោលដៅរបស់ Country Garden គឺជាគ្រួសារមានជីវភាពកម្រិតមធ្យម ដែលភាគច្រើនជាអ្នកចំណាកស្រុកមកធ្វើការនៅទីក្រុង ដូច្នេះអំឡុងពេលសេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះ ស្របពេលវិស័យអចលនទ្រព្យនៅចិនកំពុងរកាំរកូសផង ធ្វើឲ្យក្រុមហ៊ុនខូចខាតជាខ្លាំង។

មិនតែប៉ុណ្ណោះ តម្លៃហ៊ុនរបស់ Country Garden គឺបានធ្លាក់ចុះ ៣,៩% កាលពីរសៀលថ្ងៃអង្គារ៍នៅលើផ្សារហ៊ុនហុងកុង ខណៈបើគិតនៅឆ្នាំនេះ គឺបានធ្លាក់ចុះរហូតដល់ ៦៤% បើធៀបនឹងឆ្នាំទៅ។
សូមជម្រាបដែរថា ក្រុមហ៊ុនមិនមែនជាអ្នកខាតបង់តែម្នាក់ឡើយ ពោលសូម្បីតែ Yang Huiyan ម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនក៏ទទួលរងឥទ្ធិពលអាក្រក់នេះផងដែរ ពោលលោកស្រីបានរបូតលុយអស់រាប់ពាន់លានដុល្លារ និងថែមទាំងរបូតតំណែងជាស្ត្រីមានបំផុតនៅអាស៊ី ដោយសារវិបត្តិអចលនទ្រព្យនៅចិននេះទៀតផង៕