ទំនាស់រវាងប្រទេសចិន និងកោះតៃវ៉ាន់នៅតែមិនទាន់អាចដោះស្រាយដោយសន្តិវិធីនៅឡើយ ហើយវាកាន់តែក្ដៅគគុក ក្រោយមានវត្តមានរបស់មន្ត្រីជាន់ខ្ពស់អាមេរិក Nancy Pelosi មកធ្វើទស្សនកិច្ចកាលពីពេលកន្លងទៅថែមទៀត។

បើទោះបីជា តំណាងរាស្ត្រសហរដ្ឋអាមេរិកបានចាកចេញពីទីក្រុងតៃប៉ិហើយក្ដី ប៉ុន្តែរដ្ឋាភិបាលកោះតៃវ៉ាន់នៅតែអះអាងថា ចិនកំពុងតែត្រៀមកម្លាំងជុំវិញកោះនៅឡើយ ខណៈកងទ័ពតៃវ៉ាន់ក៏ត្រៀមរួចស្រេចសម្រាប់ការវាយបក បើសិនជាសង្គ្រាមផ្ទុះឡើងពិតមែន។

ទាក់ទងនឹងបញ្ហាមួយនេះ លោក Robert Tsao ជាអ្នកជំនួញជោគជ័យបំផុតមួយរូបនៅតៃវ៉ាន់បានចេញមុខគាំទ្ររដ្ឋាភិបាលរបស់ខ្លួន ដោយបានបរិច្ចាគទឹកប្រាក់ ១ ពាន់លានដុល្លារតៃវ៉ាន់ ឬប្រមាណ ៣៣ ពាន់លានដុល្លារអាមេរិក សម្រាប់ការហ្វឹកហាត់ទ័ព ៣ លាននាក់បន្ថែមដើម្បីការពារការឈ្លានពានពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពី France24។

ស្ដេចត្រាញ់ខាងលើបានអះអាងថា លោកនឹងចាយលុយ ៦០០ លានដុល្លារតៃវ៉ាន់ ដើម្បីបង្វឹកទ័ព ៣ លាននាក់ដែលលោកដាក់ឈ្មោះថា “កងកម្លាំងខ្លាឃ្មុំខ្មៅ” ក្នុងរយៈពេល ៣ ឆ្នាំ ដើម្បីអាចធ្វើការរួមគ្នាជាមួយកងយោធា ខណៈទឹកប្រាក់ ៤០០ លានទៀតនឹងចាយលើការហ្វឹកហ្វឺនខ្មាន់កាំភ្លើង ៣ សែននាក់៕