កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់សមាជិកនៃ G7 ទាំងអស់បានអះអាងថា នឹងជួបជជែកគ្នានៅថ្ងៃទី ០២ កញ្ញាខាងមុខ ជាមួយនឹងសំណើដែលរដ្ឋាភិបាលបៃឌិនធ្លាប់ស្នើសុំឲ្យ G7 ចេញមុខកំណត់តម្លៃប្រេងនាំចេញរបស់រុស្ស៊ី។

“នេះគឺជាមធ្យោបាយល្អបំផុតដែលយើងយល់ឃើញថា អាចជះឥទ្ធិពលដល់ប្រាក់ចំណូលរបស់ពូទីន ហើយការដែលធ្វើបែបនេះ គឺមិនត្រឹមតែអាចកំណត់ប្រាក់ចំណូលរបស់ពូទីនឡើយ តែថែមទាំងអាចគ្រប់គ្រងតំលៃប្រេងឥន្ធនៈទូទាំងពិភពលោកទៀតផង”។ នេះបើតាមសម្ដីរបស់ Karine Jean-Pierre អ្នកនាំពាក្យសេតវិមានបាននិយាយ។

យ៉ាងណា បើយោងតាមទិន្នន័យផ្ដល់ឲ្យដោយភ្នាក់ងារថាមពលអន្តរជាតិបានឲ្យដឹងថា ការនាំចេញប្រេងរបស់រុស្ស៊ីបានធ្លាក់ដល់ចំណុចទាបបំផុតកាលពីខែសីហា ប៉ុន្តែប្រាក់ចំណូលគឺបានកើនឡើង ៧០០ លានដុល្លារជារៀងរាល់ខែ គិតតាំងពីខែមិថុនា ដោយសារតម្លៃប្រេងកើនឡើង។

សូមជម្រាបដែរថា មហាអំណាចលោកខាងលិចធ្លាប់ដាក់សំណើថា តាមរយៈការកំណត់តម្លៃប្រេងនាំចេញរបស់រុស្ស៊ីក្នុងតម្លៃទាបជាងទីផ្សារ គឺដើម្បីអាចកំណត់ចំនួនអតិថិជនរបស់រុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូឆ្លើយតបវិញភ្លាមៗថា ពួកគេនឹងមិនលក់ប្រេងឲ្យប្រទេសណាដែលមិនគោរពតាមតម្លៃហាងឆេងប្រេងលើទីផ្សារអន្តរជាតិឡើយ៕