កាលពីថ្ងៃអង្គារទី ៣០ ខែសីហា គណ:រដ្ឋមន្ត្រីថៃ បានសម្រេចផ្តល់ទំនុកចិត្តដល់ នាយករដ្ឋមន្ត្រីស្តីទី លោក ប្រាវីត វ៉ុងសូវ៉ាន់ មានអំណាច ក្នុងការធ្វើសេចក្តីសម្រេចពេញលេញ ទាំងទាក់ទងនឹងថិវិកាជាតិ រួមទាំងការសម្រេច ក្នុងការតែងតាំងមន្ត្រីជាន់ខ្ពស់ផងដែរ ។
មែនទែនទៅ នាយករដ្ឋមន្ត្រីស្តីទី គឺមិនមានសិទ្ធិអំណាច មើលការខុសត្រូវលើការតែងតាំងមន្ត្រីជាន់ខ្ពស់ និងការសម្រេចិត្តទាក់ទងនឹងថវិកាជាតិនោះឡើយ ប៉ុន្តែដោយសារតែឥឡូវនេះ នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចារ ដែលត្រូវបានព្យួរពីតួនាទីទៅហើយនោះ ដែលធ្វើឱ្យ លោក ប្រាវីត មិនចាំបាច់ត្រូវពិគ្រោះជាមួយលោក ប្រាយុទ្ធ នោះឡើយ ជុំវិញការសម្រេចចិត្តលើបញ្ហាផ្សេងៗ ។
គួរឱ្យដឹងផងដែរថា ទាក់ទងនឹងការកាន់តំណែងរយ:ពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ធ ដែលឥឡូវនេះ ត្រូវបានតុលាការធម្មនុញ្ញសម្រេចឱ្យផ្អាកតួនាទី ចាប់តាំងពីពីថ្ងៃទី ២៤ សីហាមក បានធ្វើឱ្យលោក ប្រាវីត ឡើងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី កាលពីថ្ងៃអង្គារ ហើយចាប់តាំងពីពេលនោះមក អំណាចរបស់លោក ប្រាវីត ក៏បានចាប់ផ្តើមកើនឡើង ។
មិនតែប៉ុណ្ណោះ បើយោងតាមឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam បានសង្កត់ធ្ងន់ផងដែរថា បើទោះបីជាលោក ប្រាវីត ត្រូវបានគណ:រដ្ឋមន្ត្រីផ្តល់អំណាចធំ ស្មើនឹងនាយករដ្ឋមន្ត្រីពេញសិទ្ធិក៏ដោយ ប៉ុន្តែលោកនឹងមិនមានអំណាច ក្នុងការរំលាយសភាតំណាងរាស្រ្តបាននោះឡើយ ។
ពាក់ព័ន្ធនឹងការផ្ទេរអំណាចនេះ ហាក់មិនទទួលបានការពេញចិត្តដោយក្រុមអ្នកនយោបាយមួយចំនួន ក្នុងប្រទេសឡើយ ខណ:ថ្មីៗនេះ ក្រុមអ្នកនយោបាយ ដែលដឹកនាំរួមគ្នា ដោយមេដឹកនាំបក្សប្រឆាំង (UDD) ដែលមានលោក Jatuporn Prompan, និង Nititorn Lamlua ជាប្រធាន គ្រោងនឹងចេញធ្វើបាតុកម្ម នៅចុងសប្តាហ៍នេះ ដើម្បីជំរុញឱ្យមេដឹកនាំប្រទេសបច្ចុប្បន្ន ចំនួន ៣ រូប ឬត្រូវបានដាក់ឈ្មោះថា “3-Ps” ឱ្យចុះចេញពីតំណែង។
បញ្ជាក់ថា “3-Ps” គឺចង់ចង់ទៅលើ នាយករដ្ឋមន្ត្រីស្តីទី លោក ប្រាវីត វ៉ុងសូវ៉ាន់ , រដ្ឋមន្ត្រីការពារជាតិ លោក ប្រាយុទ្ធ ចាន់អូចារ ដែលត្រូវបានព្យួរពីតួនាទីជានាយករដ្ឋមន្ត្រី ដោយតុលាការធម្មនុញ្ញកាលពីថ្ងៃទី ២៤ ខែសីហា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុពង្ស ផៅចិន្តា ។
យោងតាម លោក Jatuporn បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃនេះ ថា ដរាបណាបុគ្គលទាំងបីរូបខាងលើ នៅតែស្ថិតក្នុងជួររដ្ឋាភិបាល នោះការបោះឆ្នោតសកលបន្ទាប់ នឹងមិនអាចប្រព្រឹត្តទៅបាននោះឡើយ ។
មិនតែប៉ុណ្ណោះ មេដឹកនាំ UDD រូបនេះ បាននិយាយទៀតថា លោករំពឹងថានឹងមានសិស្សានុសិស្សជាច្រើនចូលរួមបាតុកម្ម ដោយបានជ្រើសរើសយកខាងមុខអគារ Central World កណ្តាលទីក្រុងបាងកក សម្រាប់ធ្វើការតវ៉ា ៕