យោងតាមប្រភពធំៗជាច្រើន បានបង្ហាញថា ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន Toyota Motor នឹងជំរុញលើការវិនិយោគ ដែលបានគ្រោងទុករបស់ខ្លួន នៅក្នុងរោងចក្រអាគុយរថយន្តអគ្គិសនីថ្មី នៅទឹកដីសហរដ្ឋអាមេរិក ពីចំនួន ១,២៩ ពាន់លានដុល្លារ ដល់ ៣,៨ ពាន់លានដុល្លារ ខណ:នេះជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការកើនឡើង នៃតម្រូវការអ្នកបើប្រាស់ឡានអគ្គិសនី ។
សម្រាប់ការវិនិយោគដ៏ធំនេះ ក្រុមហ៊ុនផលិតអាគុយ Panasonic នឹងក្លាយជាដៃគូថ្មីរបស់ក្រុមហ៊ុន Toyota ក្នុងរោងចក្រ Liberty នៅរដ្ឋ North Carolina តាមរយ:ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយផ្សេងទៀត ឈ្មោះថា Prime Planet Energy & Solutions (PPES) ។ នេះបើតាមការឱ្យដឹងពី លោក Norm Bafunno អនុប្រធានជាន់ខ្ពស់ផ្នែកផលិត និងវិស្វកម្ម នៅក្នុងក្រុមហ៊ុន Toyota Motor North America ។
ទន្ទឹមនឹងនេះ លោក Bafunno បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា រោងចក្រ Liberty គ្រោងនឹងបើកដំណើរការ នៅឆ្នាំ ២០២៥ ខណ: PPES នឹងផ្តល់ជំនាញលើបច្ចេកវិទ្យា ក្នុងការផលិតអាគុយ និងឧបករណ៍ សម្រាប់បំពាក់រថយន្តអគ្គសនី ។
បន្ថែមពីនេះ ក្រៅពីចូលរួមជាមួយ Toyota ក្រុមហ៊ុន Panasonic ក៏មានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Tesla Inc នៅរដ្ឋ Nevada ផងដែរ ហើយថ្មីៗនេះ ពួកគេបានប្រកាសពីផែនការ ក្នុងការសាងសង់រោងចក្រតម្លៃ ៤ ពាន់លានដុល្លារ នៅទីក្រុង Kansas ដែលត្រូវបានគេរំពឹងថា នឹងអាចផ្តល់ការផ្គត់ផ្គង់ទ្រង់ទ្រាយធំ ដល់ក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀត ៕