ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីសរុបបានធ្លាក់ចុះ ១៣,៩% ឬប្រហែល ៥៤ ពាន់លានដុល្លារ គិតចាប់តាំងពីដើមឆ្នាំ ២០២២ មកទល់នឹងពេលបច្ចុប្បន្ន។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយ Bloomberg Billionaires Index កាលពីថ្ងៃព្រហស្បតិ៍។

ការគណនារបស់ BBI គឺធ្វើឡើងតាមរយៈតម្លៃរបស់ទ្រព្យសម្បត្តិ និងតម្លៃនៃក្រុមហ៊ុនរបស់ក្រុមមហាសេដ្ឋីរុស្ស៊ីប្រមាណ ២៦ នាក់ ដែលមានទ្រព្យសម្បត្តិសរុប ៣៣៤,១៤ ពាន់លានដុល្លារ។

ក្នុងចំណោមក្រុមហ៊ុនទាំងអស់ NLMK គឺមានការខាតបង់ច្រើនជាងគេ ពោលម្ចាស់ក្រុមហ៊ុន Vladimir Lisin បាត់បង់ទ្រព្យសម្បត្តិជិត ៦ ពាន់លានដុល្លារ មកនៅត្រឹម ២២ ពាន់លានដុល្លារ ខណៈសហស្ថាបនិក Novatek លោក Leonid Mikhelson បានរបូតលុយប្រមាណ ៤,១៨ ពាន់លានដុល្លារ ហើយបច្ចុប្បន្នសល់ទ្រព្យសម្បត្តិសរុប ២៨,៣ ពាន់លានដុល្លារ។

បញ្ជាក់ដែរថា បើទោះជាមានមហាសេដ្ឋីជាច្រើនកំពុងជួបប្រទះការខាតបង់រាប់លានដុល្លារក្ដី ប៉ុន្តែលោក Vladimir Potanin ដែលជាប្រធានក្រុមហ៊ុនលោហធាតុ Nornickel នៅតែអាចបង្កើនចំណូលជាង ២ ពាន់លានដុល្លារ រហូតក្ដោបក្ដាប់តំណែងជាអ្នកមានបំផុតនៅរុស្ស៊ី ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៣៣ ពាន់លានដុល្លារ៕