លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា អាចនឹងវិលចូលស្រុកកំណើតវិញ បន្ទាប់ពីធ្វើការរត់ភៀសខ្លួនអស់រយៈពេលជាច្រើនសប្ដាហ៍ ខណៈប្រទេសថៃអាចនឹងជាគោលដៅចុងក្រោយ បើសិនអតីតមេដឹកនាំម្នាក់នេះសម្រេចវិលចូលស្រុកវិញនៅចុងសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយពី CNA។
ប្រភពដដែលបន្ថែមថា បុរសវ័យ ៧៣ ឆ្នាំទំនងនឹងបញ្ចប់ការស្នាក់នៅប្រទេសថៃ និងវិលត្រឡប់ទៅស្រីលង្កាវិញនៅថ្ងៃសៅរ៍ ទី ៣ កញ្ញាខាងមុខ បន្ទាប់ពីការចំណាយនៅប្រទេសអាស៊ានមានតម្លៃថ្លៃពេក។
“គាត់ (Gotabaya) គឺបានរស់នៅសណ្ឋាគារនៅប្រទេសថៃ ប្រៀបដូចជាអ្នកទោស ហើយបានស្នើសុំវិលចូលស្រុកវិញ ហើយពួកយើងត្រូវបានគេផ្ដល់ដំណឹងថា គាត់នឹងវិលមកវិញនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ”។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់បានប្រាប់ AFP។
សូមជម្រាបដែរថា ទាក់ទងនឹងដំណឹងនៃការវិលត្រឡប់មកវិញរបស់អតីតប្រធានាធិបតីខាងលើ រដ្ឋាភិបាលស្រីលង្កាក៏បានត្រៀមកម្លាំងដើម្បីការពារសុវត្ថិភាពរបស់អតីតមេដឹកនាំខាងលើផងដែរ ពោលមានទាំងកងការពារ និងរថយន្តត្រៀមចាំទទួលស្រេច។ នេះបើតាមការចុះផ្សាយពី CNA៕