កាលពីពេលថ្មីៗនេះ ប៉ូលិសបានធ្វើការតាមចាប់ខ្លួនស្រីស្អាតម្នាក់ជា YouTuber ជនជាតិថៃ ក្រោយទទួលពាក្យបណ្ដឹងថា បុគ្គលខាងលើបានឆបោកប្រាក់ប្រជាជនសរុបប្រមាណ ២ ពាន់លានបាត ឬ ៥៥ លានដុល្លារ តាមរយៈការបញ្ចុះបញ្ចូលឲ្យបណ្ដាក់ទុនជាមួយក្រុមហ៊ុនជួញដូរ Forex របស់នាង។

ក្រុមប៉ូលិសបានបញ្ជាក់ទៀតថា បុគ្គលដែលកំពុងត្រូវតាមចាប់ខ្លួនគឺមានឈ្មោះ Suchata Kongsupachak មានមុខរបរជាអ្នករាំ និងជា YouTuber ឬមានឈ្មោះហៅក្រៅថា “Nutty” គឺកំពុងជាប់ការចោទប្រកាន់ ៣ ករណីរាប់បញ្ចូលទាំងករណីឆបោកផងដែរ។

ប្រភពដដែលបានបញ្ជាក់ទៀតថា នារីដែលមានវ័យ ៣០ ឆ្នាំខាងលើគឺបានអូសទាញជនរងគ្រោះច្រើនជាង ៦ ០០០ នាក់មកបណ្ដាក់ទុនជាមួយក្រុមហ៊ុនជួញដូរ Forex របស់នាង ដោយបានសន្យាថា នឹងទទួលបានផលចំណេញរហូតដល់ ៣៥% នៃប្រាក់ដើមរបស់ពួកគេ។

សូមជម្រាបដែរថា យោងតាមការចុះផ្សាយពី SCMP បានឲ្យដឹងថា ស្រីស្អាតខាងលើបានរត់ភៀសខ្លួនទៅក្រៅប្រទេស ស្របពេលក្រុមជនរងគ្រោះមួយចំនួនមានការខឹងសម្បារ រហូតហ៊ានឲ្យប្រាក់រង្វាន់ ៥ លានបាត ឬជិត ១៤ ម៉ឺនដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានទាក់ទងនឹងទីតាំងដែល YouTuber ខាងលើកំពុងសំងំលាក់ខ្លួន៕