រដ្ឋាភិបាលរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃសុក្រថា ការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងដល់ ២,០១ ពាន់លានដុល្លារ នៅចន្លោះខែមករា ដល់ខែកក្កដា ដែលជាចំនួនកើនឡើង ៦៥% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក Anucha Barapachaisri បាននិយាយថា ៖ ” វិនិយោគិនបរទេស នៅតែបន្តធ្វើការវិនិយោគ នៅក្នុងប្រទេសថៃ ដោយបង្ហាញពីទំនុកចិត្តរបស់ពួកគេ ចំពោះសក្កានុពលរបស់ប្រទេសយើង ” ។
មិនតែប៉ុណ្ណោះ លោក Anucha បានបន្ថែមទៀតថា ប្រទេសជប៉ុន គឺជាអ្នកវិនិយោគធំជាងគេ នៅក្នុងប្រទេសថៃ និងតាមពីក្រោយដោយប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក និងហុងកុង ។
ជាងនេះទៅទៀត លោកបន្ថែមថា ក្នុងចំណោមការវិនិយោគសរុប មានជាង ៦១៤,៦ លានដុល្លារ គឺជាការវិនិយោគ នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដែលគ្រប់ដណ្តប់លើខេត្តចំនួនបី នៅភាគខាងកើតនៃទីក្រុងបាងកក ។
បញ្ជាក់ផងដែរថា EEC គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការជំរុញកំណើន និងលើកទឹកចិត្តដល់ការវិនិយោគ ជាពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ខណ:រដ្ឋាភិបាលមានគោលដៅវិនិយោគទឹកប្រាក់ ៦២ ពាន់លានដុល្លារបន្ថែម ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៧ ៕