មហាសេដ្ឋីវៀតណាមប៉ុន្មានរូបនេះ មិនខ្ចីយកប្រាក់ខែពីក្រុមហ៊ុនសូម្បីមួយកាក់មួយសេន

អន្តរជាតិ

ជារឿយៗ មហាសេដ្ឋីលុយរាប់សិបពាន់លានដុល្លារនៅអាមេរិក​ជាច្រើន​ធ្លាប់​ប្រកាស​ថា មិនយក​ប្រាក់ខែ​ពី​ក្រុមហ៊ុន​ឡើយ ដើម្បី​ជួយ​ទប់ទល់​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ ហើយ​ក្នុង​នោះ​មាន​ដូចជា Mark Zuckerberg និង​មេធំ​ Michael Bloomberg ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ការសម្រេចចិត្ត​ដ៏​អស្ចារ្យ​មួយ​នេះ​មិនមែន​មាន​តែនៅ​អាមេរិក​ឡើយ ពោល​សូម្បី​តែ​ប្រទេស​ជិតខាង​យើង គឺ​ក្រុមមហាសេដ្ឋី​វៀតណាម​ក៏​ប្រកាស​មិន​យក​ប្រាក់ខែ​ពី​ក្រុមហ៊ុន​ផង​ដែរ សម្រាប់​រយៈកាល​ចុងក្រោយ បន្ទាប់​ពី​សេដ្ឋកិច្ច​ពិភពលោក​ហាក់មាន​សភាព​មិន​ប្រក្រតី។

យោងតាម​ការ​ចុះផ្សាយ​ពី VNExpress បាន​ឲ្យ​ដឹង​ថា ប្រធានក្រុមហ៊ុន Vingroup លោក​ Pham Nhat Vuong និង​សមាជិក​ក្រុមប្រឹក្សាភិបាល​មួយចំនួន​ទៀត​បដិសេធ​មិន​ទទួល​ប្រាក់ខែ ខណៈ​មហាសេដ្ឋីមាន​បំផុត​នៅ​វៀតណាម​រូបនេះ​មិនយក​ប្រាក់ខែ​តាំងពី​ឆ្នាំ ២០២១ មក​ម៉្លេះ។

​ក្រៅពី​ស្ដេចត្រាញ់​ខាងលើ​នៅ​មាន​បុគ្គល​មានៗ​លំដាប់​ប្រទេស​ជាច្រើន​ទៀត​ដូចជា ប្រធាន​ក្រុមហ៊ុន​ដែកថែប Hoa Phat Group លោក Tran Dinh Long ប្រធាន​ក្រុមហ៊ុន Masan Group លោក Nguyen Dang Quang ក៏​សុទ្ធតែ​មិន​ទទួល​បាន​ប្រាក់ខែ​ពី​ក្រុមហ៊ុន​រៀងៗខ្លួន​ផងដែរ។

ថ្វីបើ​មហាសេដ្ឋី​ទាំងនេះ​បដិសេធ​មិន​ព្រម​ទទួល​ប្រាក់ខែ​ពី​ក្រុមហ៊ុន​ក៏​ពិត​មែន ប៉ុន្តែ​សម្រាប់​ប្រាក់​លើកទឹកចិត្ត និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​នៅ​តែ​ទទួល​បាន ខណៈ​ប្រាក់ខែពី​ក្រុមហ៊ុន​គ្រាន់តែ​ជា​ប្រភព​ចំណូល​តូចតាច​របស់​ក្រុមអ្នកមាន​លំដាប់​ពិភពលោក​តែ​ប៉ុណ្ណោះ៕