កាលពី ២ សប្ដាហ៍មុន តុលាការកំពូលម៉ាឡេស៊ីបានសម្រេចដាក់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ក្រោយរកឃើញថ្នាក់ដឹកនាំរូបនេះជាប់ពាក់ព័ន្ធនឹងករណីពុករលួយ។ នេះបើតាមការចុះផ្សាយពី CNA។

យ៉ាងណា ថ្មីៗនេះអតីតថ្នាក់ដឹកនាំខាងលើបានដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ខណៈការសម្រេចជាផ្លូវការនៅមិនទាន់បញ្ជាក់នៅឡើយ ដូច្នេះលោក Najib នឹងនៅតែរក្សាងារជាសមាជិកសភាដដែល។

ទាក់ទងនឹងបញ្ហាមួយនេះ ប្រធានសភា Azhar Azizan Harun បាននិយាយថា តុលាការកំពូលនឹងទុករយៈពេល ១៤ ថ្ងៃសម្រាប់ការស្នើដាក់ញត្តិរបស់លោក Najib មុនពេលធ្វើសេចក្ដីសម្រេចជាផ្លូវការ។

សូមជម្រាបដែរថា លោក Najib ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារមិនបានប៉ុន្មានផង ខណៈមូលហេតុគឺមិនត្រូវបានទម្លាយ ដោយគ្រាន់តែបង្ហើបថា លោកមានអារម្មណ៍មិនស្រួលខ្លួន។ នេះបើតាមការចុះផ្សាយពី The Star និង FMT៕