ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយបានជួបសំណេះសំណាលជាមួយប្រធានាធិបតី Joko Widodo កាលពីថ្ងៃទី ០៥ កញ្ញាកន្លងទៅ។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា គោលបំណងនៃការធ្វើទស្សនកិច្ចមួយនេះគឺដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំង ២ ដូចជាពង្រឹងការការពារ ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំង ២ ជាដើម។

ដោយឡែក ប្រធានាធិបតីឥណ្ឌូណេស៊ី Jokowi វិញក៏បានបង្ហើបដែរថា មេដឹកនាំទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ផែនការសកម្មភាពការទូតរយៈពេលប្រាំឆ្នាំ ហើយបានយល់ព្រមបង្កើនល្បឿន និងពិនិត្យឡើងវិញនូវការរៀបចំព្រំដែនសមុទ្រ។

សូមជម្រាបដែរថា ពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានកើនឡើងជិត ៥០% បើធៀបនឹងឆ្នាំទៅ ខណៈមេដឹកនាំប្រទេសឥណ្ឌូណេស៊ីបានស្នើឲ្យការធ្វើពាណិជ្ជកម្មតាមព្រំដែនមានការអភិវឌ្ឍន៍បន្ថែម ខណៈផ្លូវដឹកជញ្ជូនក៏នឹងត្រូវជួសជុលឡើងវិញផងដែរ៕