ប្រវត្តិនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី ដឹងក្តីក្នុងគ្រួសារគាំទ្រលទ្ធិឆ្វេងនិយម

អន្តរជាតិ

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ត្រូវប្រកាសលទ្ធផលជាផ្លូវការហើយ នៅមុននេះបន្តិច ខណ: លោកស្រី Liz Truss បានយកឈ្នះទៅលើ លោក Rishi Sunak ដែលជាដៃគូប្រជែង សម្រាប់ការបោះឆ្នោតចុងក្រោយនៅថ្ងៃនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការរកឃើញមេដឹកនាំថ្មីរបស់ចក្រភពអង់គ្លេសនេះ ឧកញ្ញ៉ាញូវ សូមលើកយកប្រវត្តិខ្លះៗ ពាក់ព័ន្ធជាមួយលោកស្រី Liz Truss មកធ្វើការបង្ហាញដូចតទៅ ៖

លោកស្រី Mary elizbeth Truss ឬស្គាល់ថា Liz Truss បានកើតនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ១៩៧៥ នៅទីក្រុង Oxford ប្រទេសអង់គ្លេស ដែលមានឪពុកឈ្មោះ John Kenneth ធ្លាប់ធ្វើការជាសាស្រ្តាចារ្យផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យ Leedsនិងម្តាយឈ្មោះ Priscilla Mary Truss ធ្លាប់ធ្វើជា​គិលានុបដ្ឋាយិកា​ និងជាគ្រូបង្រៀន ។

Liz ទទួលបានការសិក្សាផ្នែកនយោបាយ ទស្សនវិជ្ជា និងសេដ្ឋកិច្ចនៅមហាវិទ្យាល័យ Nerton នៃទីក្រុង Oxford ហើយនៅមុនពេលប្រឡូកចូលក្នុងឆាកនរយោបាយ លោកស្រី ធ្លាប់បានធ្វើការនៅក្នុងឧស្សាហកម្មថាមពល និងទូរគមនាគមន៍ អស់រយ:ពេល ១០ ឆ្នាំ ក្នុងនាមជាអ្នកគ្រប់គ្រងពាណិជ្ជកម្ម និងជានាយកផ្នែកសេដ្ឋកិច្ច ។

ទោះបីជាបានកើតចេញពីក្រុមគ្រួសារមានទំនោរទៅខាងឆ្វេងនិយមក៏ដោយ ប៉ុន្តែផ្ទុយស្រឡះ លោកស្រី Liz ត្រូវបានគេមើលឃើញថាជាអ្នកនៅខាងស្តាំនិយមទៅវិញ ដោយចូលរួមជាមួយគណបក្សអភិរក្សនិយម ហើយលោកស្រីត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិក ក្រុមប្រឹក្សា នៅ Greenwich ក្នុងឆ្នាំ ២០០៦ មុនពេលក្លាយជាសមាជិកសភា សម្រាប់មជ្ឈមណ្ឌលបោះឆ្នោតអង់គ្លេស Southwest Norfolk នៅក្នុងឆ្នាំ ២០១០ ។

ចាប់តាំងពីនោះមក លោកស្រី Liz បានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋលេខាធិការក្រសួងបរិស្ថាន លេខាធិការយុត្តិធម៌ ប្រធានលេខាធិការរតនាគារ និងជារដ្ឋលេខាធិការសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្ម ក៏ដូចជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងសមភាពផងដែរ ។

នៅក្នុងនាមជាអគ្គលេខាធិការ លោកស្រី Liz ត្រូវបានប្រគលភារកិច្ចឱ្យឃ្លាំមើលហិរញ្ញវត្ថុសាធារណា: និងការជំរុញផលិតភាព ក្នុងសេវាកម្មសាធារណ: ។ លោកស្រី បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដូចជា ជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល និងឈីលី ដើម្បីមើលពីរបៀប ដែលប្រទេសនៅជុំវិញពិភពលោក កំពុងជំរុញលើកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: និងការផ្តល់សេវាសារធារណ:លំដាប់ពិភពលោកផងដែរ ។

លុះដល់ខែកក្កដា ឆ្នាំ ២០១៩ លោកស្រី Liz បានក្លាយជារដ្ឋលេខាធិការសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលពាណិជ្ជកម្ម ហើយរហូតដល់ខែកញ្ញា ឆ្នាំ ២០២១ លោកស្រី Liz ត្រូវបានបន្តតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងទទួលបន្ទុកលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ រហូតដល់ពេលបច្ចុប្បន្ន ។

ដោយឡែក សម្រាប់ការចូលកាន់តំណែងជានាយរដ្ឋមន្ត្រីថ្មី ជំនួសលោក Boris Jonhson លោកស្រី Liz Truss បានធ្វើការសន្យាថា នឹងចាត់វិធានការភា្លមៗ ចំពោះការស្តារសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសឡើងវិញ ជាពិសេសគឺការដោះស្រាយទៅលើការកើនឡើងនៃតម្លៃថាមពល ។

មិនតែប៉ុណ្ណោះ បើយោងតាមលោក Chris Mason និពន្ធនាយកផ្នែកនយោបាយ របស់កាសែត BBC បានអះអាងថា លោកស្រី Truss បានធ្វើការលើការដោះស្រាយលើបញ្ហាថាមពល អស់ជាច្រើនសប្តាហ៍មកហើយ ដោយផ្អែកលើការពិភាក្សាជាមួយប្រទេសអ្នកផលិតប្រេង និងឧស្ម័ន ស្របពេលលោកស្រី ក៏គ្រោងនឹងផ្តល់ការកាត់បន្ថយពន្ធចំនួន ៣០ ពាន់លានផោន តាមរយៈថវិកាសង្គ្រោះបន្ទាន់នៅចុងខែនេះ ដើម្បីជំរុញដល់ការវិនិយោគអាជីវកម្ម និងផ្តល់កំណើនសេដ្ឋកិច្ច ។

បញ្ជាក់ផងដែរថា ការឡើងកាន់តំណែងនេះ បានធ្វើឱ្យលោកស្រី Liz Truss ក្លាយជានាយករដ្ឋមន្ត្រីស្រីទី ៣ ក្នុងប្រវត្តិសាស្រ្តចក្រភពអង់គ្លេស បន្ទាប់ពីលោកស្រី Margaret Thatcher ធ្លាប់កាន់តំណែងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០ និងលោកស្រី Theresa May ធ្លាប់កាន់តំណែងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ៕