ក្រុមហ៊ុន SK Hynix ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតទី ២ លើលោក បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងវិនិយោគលុយប្រមាណ ១៥ ទ្រីលានវ៉ុន ឬ ១០,៩ ពាន់លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខដើម្បីសាងសង់រោងចក្រថ្មីនៅកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពី CNA។

ក្រុមហ៊ុនបានបញ្ជាក់ទៀត គម្រោងសាងសង់រោងចក្រថ្មីនេះនឹងត្រូវប្រគល់ឲ្យក្រុមហ៊ុន M15X ជាអ្នកម៉ៅការ ស្របពេលការសាងសង់នឹងចាប់ផ្ដើមនៅខែតុលា និងគ្រោងបញ្ចប់នៅដើមឆ្នាំ ២០២៥ នៅតំបន់ Cheongju ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។

ក្រៅពីនោះ ក្រុមហ៊ុនមេ SK Group ក៏បានបង្ហើបពីគម្រោងក្នុងការចង់ពង្រីកខ្លួនកាន់តែធំ ពោលចង់សាងសង់រោងចក្រវេចខ្ចប់បន្ទះឈីបនៅសហរដ្ឋអាមេរិកទៀតផង ប៉ុន្តែព័ត៌មានលំអិតគឺនៅមិនទាន់ទម្លាយនៅឡើយ។

សូមជម្រាបដែរថា តម្រូវការបន្ទះឈីបហាក់មានការធ្លាក់ចុះបន្តិច ដោយសារបច្ចុប្បន្នវិបត្តិអតិផរណាកំពុងគម្រាមកំហែងដល់ក្រុមហ៊ុនធំៗជាច្រើន ស្របពេលសេដ្ឋកិច្ចពិភពលោកក៏កំពុងបង្ហាញសញ្ញាអវិជ្ជមានផងដែរ៕