អៀរឡង់ ពិន័យ Instagram ជាទឹកប្រាក់ជាង ៤០០ លានដុល្លារ ពីបទរំលោភបំពានទិន្នន័យលើកុមារ

អន្តរជាតិ

យោងតាមគណ:កម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ (DPC) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការពិន័យទៅលើ Instagram ក្នុងចំនួនទឹកប្រាក់ ៤០៥ លានអឺរ៉ូ (៤០២ លានដុល្លារ) ជុំវិញការបំពានលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងទិន្នន័យកុមារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

DPC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” យើងបានអនុម័ត ការសម្រេចចិត្តចុងក្រោយរបស់យើង កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានធ្វើការពិន័យជាទឹកប្រាក់ចំនួន ៤០៥ លានអឺរ៉ូ ក្រោយរកឃើញថាមានកំហុស ” ។ យ៉ាងណា DPC បានបញ្ជាក់ទៀតថា ចំពោះសេចក្តីលម្អិតទាំងស្រុង នៃការសម្រេចចិត្ត លើការពិន័យនេះ នឹងត្រូវផ្សព្វផ្សាយ នៅសប្តាហ៍ក្រោយ ។

គួរឱ្យដឹងថា DPC បានបើកការស៊ើបអង្កេត ចាប់តាំងពីឆ្នាំ ២០២១ មកម្លេះ ដោយផ្តោលើអ្នកប្រើប្រាស់ ដែលមិនទាន់គ្រប់អាយុ ពោលគឺអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ ដែលត្រូវបានក្រុមហ៊ុន Instagram អនុញ្ញាតឱ្យមានការចុះឈ្មោះបង្កើតគណនី ដោយសេរី ជាមួយនឹងការដាក់បញ្ចូលព័ត៌មានសំខាន់ៗដូចជាលេខទូរស័ព្ទ ឬអាសយដ្ឋានរបស់អ្នកប្រើប្រាស់ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Meta ដែលជាក្រុមហ៊ុនមេ របស់ Instagram មិនបានធ្វើការឆ្លើយតបវិញ ចំពោះសំណើឱ្យសុំធ្វើការអត្ថាធិប្បាយលើបញ្ហានេះឡើយ ។

គួរឱ្យដឹងថា ក្រៅពី Instagram សូម្បីតែ WhatsApp ក៏ធ្លាប់ត្រូវបានពិន័យជាប្រាក់ចំនួន ២២៥ លានអឺរ៉ូរួចមកហើយ កាលពីឆ្នាំមុន សម្រាប់ការមិនអនុលោមតាមច្បាប់ទិន្នន័យ របស់សហភាពអឺរ៉ុប ក្នុងឆ្នាំ ២០១៨ ៕