លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស និងជានាយករដ្ឋមន្ត្រីស្រីទី ៣ ប្រចាំប្រវត្តិសាស្ត្រផងដែរ បន្ទាប់ពីលោកស្រីទទួលបានសម្លេងគាំទ្រច្រើនជាងគូប្រជែង Rishi Sunak ច្រើនសន្ធឹក។

សម្រាប់ការឡើងកាន់តំណែងថ្មីថ្មោងនេះ ស្ត្រីមានឥទ្ធិពលខាងលើបានបង្កើតប្រវត្តិសាស្ត្រថ្មីស្រឡាងមួយទៀតសម្រាប់ចក្រភពអង់គ្លេស គឺលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលតំណែងគណៈរដ្ឋមន្ត្រីកំពូលទាំង ៤ របស់អង់គ្លេស មិនមានបុរសស្បែកសជាអ្នកគ្រប់គ្រង។ នេះបើតាមការចុះផ្សាយពី Reuters។

ប្រភពដដែលបានបន្ថែមថា សម្រាប់តំណែងកំពូលបង្អស់ជានាយករដ្ឋមន្ត្រីគឺគ្រប់គ្រងដោយលោកស្រី Liz Truss ហើយលោកស្រីក៏បានតែងតែលោក Kwasi Kwarteng ជារដ្ឋមន្ត្រីហិរញ្ញវត្ថុស្បែកខ្មៅតំបូងប្រចាំអង់គ្លេស។

ដោយឡែកតំណែងបន្ទាប់ គឺលោកស្រីបានប្រគល់ជូន James Cleverly ដែលបានធ្វើឲ្យលោកក្លាយជារដ្ឋមន្ត្រីការបរទេសស្បែកខ្មៅជាលើកដំបូងប្រចាំអតីតសមាជិក EU មួយនេះផងដែរ។

សម្រាប់អ្នកស្នងតំណែងរបស់លោកស្រី Priti Patel ជារដ្ឋមន្ត្រីមហាផ្ទៃ គឺជាអ្នកស្រី Suella Braverman ដែលនឹងគ្រប់គ្រងលើផ្នែកអន្តោប្រវេសន្ត និងប៉ូលិស។

សូមបញ្ជាក់ដែរថា អស់រយៈពេលជាច្រើនទសវត្សដែលតំណែងសំខាន់ៗប៉ុន្មានខាងលើគឺតែងតែជាទំនួលខុសត្រូវរបស់បុរសស្បែកស សម្រាប់គណៈរដ្ឋមន្ត្រីអង់គ្លេស ប៉ុន្តែសម្រាប់សតវត្សទី ២១ នេះវិញ ការរើសអើងពណ៌សម្បុរ និងពូជសាសន៍ លែងជាបញ្ហាហើយ អ្វីដែលសំខាន់គឺសមត្ថភាព និងចក្ខុវិស័យក្នុងការដឹកនាំប្រទេសតែប៉ុណ្ណោះ៕