រដ្ឋាភិបាលប្រទេសប្រេស៊ីល កាលពិថ្ងៃអង្គារទី ៦ ខែកញ្ញា បានបញ្ជាឱ្យក្រុមហ៊ុន Apple បញ្ឈប់ការលក់ទូរស័ព្ទ iPhone របស់ពួកគេ ដោយមិនភ្ជាប់មកជាមួយដុំសាក នៅក្នុងប្រអប់វេចខ្ចប់ ក្នុងប្រទេសខ្លួន ដោយសំអាងថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ផ្តល់ផលិតផលមិនពេញលេញជូនដល់អ្នកប្រើប្រាស់ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
គួរឱ្យដឹងថា កាលពីកន្លងទៅ ក្រសួងយុត្តិធម៌របស់ប្រេស៊ីល ធ្លាប់បានពិន័យក្រុមហ៊ុន Apple ជាទឹកប្រាក់ចំនួន ២,៣៨ លានដុល្លារ រួចមកហើយ ពីបទលក់ទូរស័ព្ទ iPhone 12 និងម៉ូដែលថ្មីៗ ដោយមិនដាក់ក្បាលឆ្នាំសាកនៅក្នុងប្រអប់ ។
មិនតែប៉ុណ្ណោះ នៅក្នុងកាសែតផ្លូវការមួយក្នុងប្រទេសប្រេស៊ីល បានបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំងសាកគឺជាផ្នែកដ៏សំខាន់មួយអ្នកប្រើប្រាស់ iPhone ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដូច្នេះហើយ បើក្រុមហ៊ុន Apple ដាក់លក់ទូរស័ព្ទខ្លួន ដោយមិនភ្ជាប់មកជាមួយក្បាលឆ្នាំសាកទេនោះ មានន័យថា ក្រុមហ៊ុនកំពុងប្រឆាំង នឹងច្បាប់ការពារអតិថិជន នៅប្រេស៊ីលហើយ ។
លើសពីនេះទៅទៀត ទោះបីជាក្រុម Apple បានលើកឡើងថា ការមិនដាក់ក្បាលឆ្នាំងសាកនេះ គឺមានគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថានក៏ដោយ ប៉ុន្តែអាជ្ញាធរប្រេស៊ីល បានឆ្លើយតបវិញថាមិនមានភស្តុតាងជាក់លាក់ណាមួយ ចំពោះការការពារបរិស្ថានពីការលក់ស្មាតហ្វូន ដោយគ្មានឆ្នាំងសាកនោះទេ ។
គួរបញ្ជាក់ថា ការបញ្ជាឱ្យបញ្ឈប់ការលក់នេះ គឺត្រូវបានធ្វើឡើងមួយថ្ងៃ មុនពេល Apple នឹងត្រូវប្រកាសចេញទូស័ព្ទ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន ៕