មីយ៉ាន់ម៉ា ចាប់ផ្តើមនាំចូលប្រេងពីរុស្ស៊ី ក្នុងការទូទាត់ជាប្រាក់រូបល

អន្តរជាតិ

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមេដឹកនាំជាន់ខ្ពស់ក្នុងរបបយោធា របស់លោក Min Aung Hlaing ថា ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមទិញយកផលិតប្រេងរបស់រុស្ស៊ីហើយ និងថែមទាំងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទូទាត់ជាប្រាក់រូបល ដែលជារូបិយប័ណ្ណរបស់រុស្ស៊ីផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលវិមានក្រឹមឡាំង បាននិយាយថា មេដឹកនាំមីយ៉ាន់ម៉ា បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចបូព៌ា នៅឯកំពង់ផែ វ្ល៉ាឌីវ៉ូស្តុក ប្រទេសរុស្ស៊ី ។

មិនតែប៉ុណ្ណោះ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីរបស់ លោក ពូទីន ដែលបាននិយាយក្នុងអំឡុងកិច្ចប្រជុំនោះថា ​” ទំនាក់ទំនងរបស់ប្រទេសទាំងពីរ កំពុងអភិវឌ្ឍទៅដោយភាពវិជ្ជមាន ” ។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចជាលើកទីពីររបស់ លោក Min Aung Hlaing ទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលតិចជាងពីរខែមកនេះ ត្រូវបានធ្វើឡើង នៅពេលដែលរបបយោធាកំពុងកាន់អំណាចមីយ៉ាន់ម៉ា សម្លឹងរកការពង្រឹងសម្ព័ន្ធភាពការទូតបន្ថែមទៀត នៅពេលដែលប្រទេសខ្លួន កំពុងប្រឈមមុខជាមួយនឹងការដាក់សម្ពាធកាន់តែខ្លាំង ពីអន្តរជាតិ ។

មិនតែប៉ុណ្ណោះ បន្ថែមពីលើភាពចលាចលនយោបាយ មីយ៉ាន់ម៉ា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងការដាច់ចរន្តអគ្គិសនី ដែលជំរុញឱ្យមេដឹកនាំយោធាងាកទៅរកការនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីរុស្ស៊ី សម្រាប់ការប្រើប្រាស់ ក្នុងរោងចក្រថាមពល។ ហើយតម្លៃប្រេងសាំង បានកើនឡើងប្រហែល ៣៥០% ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុនមក ៕