នៅក្នុងខែសីហា ប្រទេសឡាវ ត្រូវបានរាយការណ៍ថា កំពុងប្រឈមមុខជាមួយនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីអត្រាអតិផរណាក្នុងប្រទេស បានកើនឡើងដល់ ៣០% ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្ត ។ នេះបើយោងតាមតួរលេខចុងក្រោយមួយ ដែលត្រូវបានបញ្ជាក់ដោយការិយល័យស្តិតិឡាវ កាលពីថ្ងៃអង្គារកន្លងទៅ ។
តាមការចុះផ្សាយដោយ The Star បានបង្ហាញថា ទាំងតម្លៃអាហារ និងភេសជ្ជ:គ្មានជាតិអាល់កុល បានកើនឡើង ៣០,២% រួមទាំងស្បៀងអាហារសំខាន់ៗប្រចាំថ្ងៃ ដែលមានដូចជា អង្ករ ម្សៅ សាច់ ខ្លាញ់ ប្រេងបន្លែ ផ្លែឈើ និងបន្លែផងដែរ ។
ចំណែកឯថ្លៃដឹកជញ្ជូនវិញ បានកើនឡើងដល់ ៥១,៧% តាមរយ:រថយន្ត នៅពេលដែលគ្រឿងបន្លាស់កាន់តែឡើងថ្លៃជាងមុន ដោយសារតែអត្រាប្តូរប្រាក់ធ្លាក់ចុះដល់កម្រិតទាប។ តម្លៃប្រេងសាំង ក៏បានឡើងថ្លៃផងដែរ ក្នុងពេលថ្មីៗនេះ ដែលវាកំពុងតែបន្ថែមបន្ទុកទៅលើការរស់នៅរបស់ប្រជាជន កាន់តែខ្លាំង ។
លើសពីនេះ តម្លៃផ្ទះ អគ្គិសនី ការផ្គត់ផ្គង់ទឹក និងប្រេងឆា ក៏បានកើនឡើង ២០,៥% ផងដែរ ដោយសារតែតម្លៃដែក ស៊ីម៉ងត៍ បេតុង និងឧស្ម័ន បានហក់ឡើងខ្ពស់ ។
ដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះ រដ្ឋាភិបាលរបស់ប្រទេសឡាវ បានអះអាងជាថ្មី នូវការសន្យារបស់ខ្លួន ក្នុងការចៀសឱ្យផុត ពីការខកខានក្នុងការសងបំណុល ដោយគ្រប់ភ្នាក់ងារពាក់ព័ន្ធ ត្រូវណែនាំឱ្យមានការចាត់វិធានការឱ្យសកម្មបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស ។
បន្ថែមពីនេះ គ្រប់មន្ត្រីទាំងអស់ ត្រូវបានណែនាំឱ្យប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធន:ជាប់លាប់ នៅទូទាំងប្រទេស និងគ្រប់គ្រងអត្រាប្តូរប្រាក់ ដែលកំពុងតែមានការប្រែប្រួលខ្លាំង ឱ្យបានកាន់តែប្រសើរឡើង ៕