ជារឿងគួរឱ្យសោកសៅបំផុតមួយ ដោយកាលពីយប់មិញនេះ ព្រះមហាក្សត្រិយ៍ Elizabeth II នៃចក្រភពអង់គ្លេស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្ម ៩៦ ឆ្នាំ ។
ព្រះមហាក្សត្រិយ៍ Elizbeth II ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាប្រមុខនៃប្រជាជាតិ Commonwealth របស់ចក្រភពអង់គ្លេស ហើយក៏ជាមហាក្សត្រិយ៍នៃរដ្ឋឯករាជ្យចំនួន ១៥ និងជាប្រធានព្រះវិហារ Anglican រួមជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធអង់គ្លេស ផងដែរ ។
យោងតាមជីវប្រវត្តិផ្លូវការ បានបង្ហាញថា ព្រះមហាក្សត្រិយ៍ Elizabeth II បានប្រសូត នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស មានព្រះបិតា ព្រះនាម George VI និងព្រះមាតា Elizabeth Bowes-Lyon ។
ព្រះមហាក្សត្រិយ៍ Elizabeth II បានរាជាភិសេកកាលពីខែវិច្ឆិកា ឆ្នាំ ១៩៤៧ ជាមួយព្រះអង្គម្ចាស់ Philip Mountbatten ហើយទ្រង់បានផ្តល់កំណើតឱ្យព្រះរាជបុត្រា បុត្រីចំនួន ៤ ព្រះអង្គ ។
ព្រះមហាក្សត្រិយ៍ Elizabeth II បានឡើងគ្រងរាជនៅក្នុងកាល:ទេស:មិនធម្មតាមួយ នៅពេលដែលព្រះបិតារបស់ទ្រង់ បានចូលទិវង្គត នៅថ្ងៃទី ៦ ខែកុម្ភ:ឆ្នាំ ១៩៥២ អំឡុងពេលនោះ ទ្រង់កំពុងធ្វើវិស្សមកាលជាមួយព្រះស្វាមី នៅប្រទេសកេនយ៉ា ហើយក៏ត្រូវបានប្រកាសថានឹងស្នងតំណែងបន្តជា មហាក្សត្រិយ៍នៃចក្រភពអង់គ្លេស នៅក្នុងព្រះជន្មទើប ២៥ វស្សា។
ព្រះមហាក្សត្រិយ៍ ត្រូវបានចាត់ទុកថាមហាក្សត្រ ដែលគ្រងរាជបានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តនៃចក្រភពអង់គ្លេស រួមទាំងមហាក្សត្របច្ចុប្បន្នផ្សេងទៀត នៅជុំវិញពិភពលោក ពោលគឺមានរយ:ពេលគ្រងរាជរហូតដល់ទៅ ៧០ ឆ្នាំ ។
កាលពីនៅវ័យជំទង់ព្រះហាក្សត្រិយ៍ បានកសាងសា្មព្រះហស្តជាច្រើន ដោយអំឡុងសង្គ្រាមលោកលើកទី ២ ទ្រង់បានក្លាយជាស្រ្តីជាប់ខ្សែស្រឡាយរាជវង្សដំបូង ដែលបានស្ម័គ្រចូលរួមបម្រើនៅក្នុងជួរកងទ័ព។ នៅខែកុម្ភ:ឆ្នាំ ១៩៤៥ ព្រះមហាក្សត្រិយ៍ Elizabeth II បានចូលរួមជាផ្នែកមួយនៃ ” សេវាកម្មដែនដីជំនួយ” នៃអង្គស្វ័យការពាររបស់ស្ត្រី ហើយត្រូវបានបណ្តុះបណ្តាលជាអ្នកបើកបររថយន្តសង្គ្រោះ និងទទួលបានឋាន:ជាអនុសនីយ៍ឯក ។
ក្នុងអំឡុងពេលគ្រងរាជ ព្រះមហាក្សត្រិយ៍ Elizabeth II បានជួបជាមួយប្រមុខថ្នាក់ដឹកនាំនៃប្រទេសជាច្រើន រួមទាំងសម្តេចប៉ាបនៃព្រះសាសនារហូតដល់ទៅ ៧ អង្គ។ បន្ថែមពីនេះ ព្រះមហាក្សត្រិយ៍ក៏បានទទួលស្វាគមន៍ប្រធានាធិបតីរបស់សហរដ្ឋអាមេរិករហូតដល់ទៅ ១៤ រូបផងដែរ ដោយលើកចុងក្រោយគឺបានជួបផ្ទាល់ជាមួយលោក Donald Trump ។ ហើយមិនតែប៉ុណ្ណោះ ក្នុងរាជ្យរបស់ទ្រង់ បានឆ្លងកាត់ នាយករដ្ឋមន្ត្រីអង់គ្លេសរហូតដល់ទៅ ១៥ រូបផងដែរ ។
គួរបញ្ជាកឱ្យដឹងផងដែរថា ក្រោយការចូលសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍ Elizabeth II ព្រះអង្គម្ចាស់ Charles ដែលជាព្រះរាជបុត្រច្បង នឹងត្រូវឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រអង់គ្លេស ហើយការប្រកាសជាផ្លូវការ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕