ដូចប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា China Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍មានបំណុលវ័ណ្ឌកច្រើនបំផុតលើលោក ហើយថ្មីៗនេះក្រុមម្ចាស់បំណុលទើបនឹងទទួលបានសិទ្ធអាចរឹបអូសយកទីស្នាក់ការកណ្ដាលរបស់ Evergrande នៅហុងកុង។ នេះបើតាមការចុះផ្សាយពី Theguardian។

គួររំលឹកដែរថា Evergrande មានបំណុលសរុបច្រើនជាង ៣០០ ពាន់លានដុល្លារ ប៉ុន្តែដោយសារមានការយឹតយោងពីរដ្ឋាភិបាល ទើបក្រុមហ៊ុនមួយនេះអាចមានដង្ហើមដកសន្សឹមៗដូចបច្ចុប្បន្ន។

ងាកមកមើលស្ថានការណ៍បច្ចុប្បន្នវិញ Evergrande ធ្លាប់ប្រកាសលក់អគារកម្ពស់ ២៦ ជាន់នៅហុងកុងម្ដងដែរ ដើម្បីយកថវិកាដោះបំណុលខ្លះៗ ប៉ុន្តែលក់មិនចេញ ស្របពេល Financial Times រាយការណ៍ថា កាលពីដើមសប្ដាហ៍ ម្ចាស់បំណុលដែលមិនបញ្ចេញឈ្មោះបានប្រាប់ Evergrande ថា ពួកគេទើបទទួលបានសិទ្ធរឹបអូសអគារមួយនេះ និងអាចប្រកាសលក់ចេញជាបន្ទាន់ក្នុងតម្លៃ ១,២៧ ពាន់លានដុល្លារ។

សូមជម្រាបដែរថា បើទោះជាម្ចាស់បំណុលមិនទាន់បញ្ចេញមុខ ប៉ុន្តែគេដឹងថា Evergrande នៅហុងកុងធ្លាប់ខ្ចីបំណុលធណាគារ China Citic Bank International និងធនាគារ China Citic Bank Corp Ltd សាខាហុងកុងដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ៕