មួយរយៈកាលចុងក្រោយនេះ ស្ថាបនិកក្រុមហ៊ុន Zara បានបន្តទិញអចលនទ្រព្យខ្នាតយក្សជាច្រើន បើសរុបជាទឹកប្រាក់គឺមិនក្រោមខ្ទង់ពាន់លានដុល្លារឡើយ ហើយថ្មីៗនេះមហាសេដ្ឋីអេស្ប៉ាញ Amancio Ortega បានជះលុយជាង ១០០ លានដុល្លារដើម្បីពង្រីកអាជីវកម្មបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពី Bloomberg។
ប្រភពដដែលបានបន្ថែមថា អ្នកមានបំផុតប្រចាំប្រទេសអេស្ប៉ាញបានចំណាយលុយប្រមាណ ១៤៨ លានដុល្លារអាមេរិក ក្នុងការទិញយកអគារមួយខ្នងនៅរដ្ឋ Pennsylvania ដើម្បីពង្រីកអាជីវកម្មលើវិស័យដឹកជញ្ជូន។
អគារមួយខ្នងដែលទើបនឹងក្លាយជាកម្មសិទ្ធិរបស់គ្រួសារត្រកូល Ortega គឺមានក្រឡាផ្ទៃ ៩៤ ០០០ ម៉ែត្រការ៉េ ស្ថិតនៅចំកណ្ដាលរដ្ឋ Pennsylvania តែម្ដង ហើយអគារមួយខ្នងនេះគឺជាអចលនទ្រព្យទី ២ ដែលមហាសេដ្ឋីអេស្ប៉ាញបានទិញដើម្បីរកស៊ីលើវិស័យដឹកជញ្ជូន។
សូមជម្រាបដែរថា លោក Amancio Ortega បច្ចុប្បន្នកំពុងគ្រងតំណែងជាអ្នកមានបំផុតនៅអេស្ប៉ាញជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៤៤ ពាន់លានដុល្លារអាមេរិក ខណៈប្រភពចំណូលធំរបស់លោកបានមកពីភាគហ៊ុន ៥៩% នៃក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោក Inditex ជាក្រុមហ៊ុនមេរបស់ Brand ធំៗដូចជា Zara, Bershka និង Pull&Bear ជាដើម៕