មហាក្សត្រ​ថ្មីចក្រភពអង់គ្លេស ធ្លាប់ហែលឆ្លងការបណ្តុះបណ្តាលជំនាញយោធាជោគជាំ

អន្តរជាតិ

ក្នុងនាមជាបុត្រច្បង ព្រះអង្គម្ចាស់ Charles នឹងត្រូវឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រអង់គ្លេស បន្ទាប់ពីព្រះមាតា គឺម្ចាស់មហាក្សត្រិយ៍ Elizabeth II ដែលបានយាងចូលទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ ។ ព្រះអង្គម្ចាស់ Charles គឺជាបុគ្គលដែលមានវ័យចំណាស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តអង់គ្លេស ដែលនឹងត្រូវឡើងសោយរាជ្យ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះអង្គម្ចាស់ Charles បានប្រសូតនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៨ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ។ ព្រះអង្គជាបុត្របង្កើតរបស់ម្ចាស់ក្សត្រិយ៍ Elizbeth II និងព្រះអង្គម្ចាស់ Philip ហើយដោយសារតែជាបុត្រច្បង ព្រះអង្គម្ចាស់ Charles ត្រូវបានតំឡើងឋានន្តរស័ក្តិតាំងពីវ័យក្មេងមកម្លេះ និងមានសិទ្ធិស្នងមរតកគ្រប់បែបយ៉ាងរបស់ចក្រភពអង់គ្លេស ។

ព្រះអង្គម្ចាស់ Charles ទទួលបានការអប់រំកម្រិតខ្ពស់ ទៅលើផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្រ្ត នៅមហាវិទ្យាល័យ Trinity ដែលកាលនោះ ជាផ្នែកមួយនៃសាកលវិទ្យាល័យ Cambridge ពីឆ្នាំ ១៦៦៧ ដល់ឆ្នាំ ១៩៧០ ។ បន្ទាប់ពីទទួលបានសញ្ញាប័ត្រ នៅឆ្នាំ ១៩៧០ ក្នុងនាមជាអ្នកស្នងមរតកដំបូងគេ ពីមាតា ដូច្នេះហើយទើបតម្រូវឱ្យព្រះអង្គម្ចាស់ Charles ចាប់ផ្តើមចូលបម្រើការនៅក្នុងយោធា ។

បន្ទាប់ពីរយ:ពេលប្រាំមួយខែ នៃការហ្វឹកហ្វឺនផ្នែកអាកាសចរណ៍ជាមួយ Royal Air Force ព្រះអង្គម្ចាស់ Charles បានចូលរួមជាមួយកងទ័ពជើងទឹក Royal Navy ក្នុងឆ្នាំ ១៩៧១ ដោយបម្រើការនៅលើនាវា HMS Norfolk និងទទួលបានការតំឡើងឋាន: នៅក្នុងឆ្នាំ ១៩៧៣ ជាអនុសេនីយ៍ឯកស្តីទី ។

បន្ថែមពីនេះ ព្រះអង្គក៏បានពង្រីកបន្ថែមនូវជំនាញយោធារបស់ទ្រង់ ជាមួយនឹងការហ្វឹកហ្វឺនលោតឆ័ត្រយោង រួមទាំងការបើកយន្តហោះ Queen’s Flight ដែលជាយន្តហោះផ្លូវការរបស់រាជាធិបតេយ្យ។ ហើយនៅទីបំផុត ព្រះអង្គម្ចាស់ ត្រូវបានតម្លើងឋានៈជាមេបញ្ជាការកងពល នៅក្នុងឆ្នាំ ១៩៩៥ ។

លុះក្រោយមកទៀត ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៅខែមេសា ឆ្នាំ ២០១៨ នៃសមាជិកប្រជាជាតិ Commonwealth មហាក្សត្រិ៍យ Elizabeth II បានតែងតាំងព្រះអង្គម្ចាស់ Charles ដើម្បីបន្តតំណែងជាប្រធានសមាគម ៥៣ ប្រទេស នៃចក្រភពអង់គ្លេស និងរួមទាំងអតីតអាណានិគមរបស់ខ្លួនថែមទៀតផង ។

នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ព្រះអង្គម្ចាស់ Charles នឹងត្រូវឡើងសោយរាជ្យ ក្នុងគោរមនាថា ព្រះមហាក្សត្រ Charles III បន្ទាប់ពីការសោយទីវង្គតរបស់មាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី Elizabeth II ដែលបានគ្រងរាជ្យអស់រយៈពេលជាងប្រាំពីរទសវត្សរ៍។

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាស្តេចនៃចក្រភពអង់គ្លេស ទ្រព្យសម្បត្តិសរុបរបស់ព្រះអង្គម្ចាស់ Charles តាមការប៉ាន់ស្មាន អាចកើនឡើងដល់ ៦០០ លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍ទទួលបានពីសារព័ត៌មាន Celebrity Net Worth ៕