ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្សថៃ TOP គ្រោងចូលបោះទុនរកស៊ី នៅក្នុងប្រទេសអាស៊ីទាំង ៣ នេះ

អន្តរជាតិ

ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃ ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួន ក្នុងការបោះទុនវិនិយោគ នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងឥណ្ឌា ក្នុងវិស័យចម្រាញ់ប្រេង និងប្រេងរំអិល រួមទាំងបង្កើតផលិតផលគីមីឥន្ធន: ដែលមានតម្លៃខ្ពស់ទៀតផង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

TOP រំពឹងខ្ពស់ថាក្រុមហ៊ុនរបស់ខ្លួន នឹងមានអនាគតភ្លឺស្វាង ពីការពង្រីកអាជីវកម្ម ទៅកាន់ប្រទេសនៅអាស៊ីទាំងបីនេះ។ ហើយបើតាយោងតាមកាសែត Bangkok Post បានបង្ហាញថា ក្រុមហ៊ុនរបស់ប្រទេសថៃមួយនេះ មានគ្រឿងបរិក្ខារមួយចំនួនរួចស្រេចទៅហើយ ដូចជាឃ្លាំង នៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាម ។

លោក Wirat Uanrumit ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ TOP បាននិយាយថា អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងចំនួនប្រជាជនវ័យក្មេងច្រើន នៅក្នុងប្រទេសទាំង ៣ គឺមានន័យថា នឹងផ្តល់ឱ្យក្រុមហ៊ុនចម្រាញ់ប្រេងរបស់ខ្លួន នូវសក្តានុពលល្អបំផុត សម្រាប់ការវិនិយោគនៅអាស៊ី ។

គួរបញ្ជាក់ផងដែរថា TOP កំពុងព្យាយាមពង្រីកអាជីវកម្មរបស់ខ្លួន នៅក្រៅប្រទេស ដើម្បីបំពេញតាមតម្រូវការ ដែលកំពុងកើនឡើង សម្រាប់ផលិតថាមពល និងគីមីឥន្ធន: នៅពេលដែលកក្រុមហ៊ុនបច្ចុប្បន្ន កំពុងរៀបចំទិញភាគហ៊ុន នៅក្នុងក្រុមហ៊ុន PT Chandra Asri Petrochemical Tbk (CAP) ដែលជាក្រុមហ៊ុនផលិតគីមីឥន្ធន:ដ៏ធំបំផុត របស់ឥណ្ឌូនេស៊ី នៅដើមឆ្នាំក្រោយ ក្នុងតម្លៃប្រមាណ ២៧០ លានដុល្លារអាមេរិក ៕