លោកស្រី Mackenzie Scott គឺជានិច្ចកាលតែងតែបង្ហាញមុខនៅក្នុងកម្មវិធីសប្បុរសធម៌ ខណៈមហាសេដ្ឋីម្នាក់នេះក៏ជាបុគ្គលម្នាក់ដែលចូលចិត្តធ្វើសប្បុរសធម៌ផងដែរ។

កន្លងមក អតីតភរិយាស្ថាបនិក Amazon បានធ្វើការបរិច្ចាគទឹកប្រាក់អស់ជាច្រើនរយលានដុល្លារមកហើយ តាមរយៈអង្គការសប្បុរសធម៌ទូទាំងពិភពលោក ហើយថ្មីៗនេះលោកស្រីថែមទាំងប្រកាសថា នឹងបរិច្ចាគភូមិគ្រឹះមួយខ្នងនៅ Beverly Hills ទៀតផង។

យោងតាមការចុះផ្សាយពី Luxurylaunches បានឲ្យដឹងថា មហាសេដ្ឋីខាងលើបានសច្ចាថានឹងបរិច្ចាគផ្ទះតម្លៃជាង ៥៥ លានដុល្លារ ទៅកាន់អង្គការក្រៅរដ្ឋាភិបាល Californian Community Foundation ដែលមានទីតាំងនៅទីក្រុង Los Angeles។

ដោយឡែក បើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយ CCF បានទម្លាយថា ៩០% នៃទឹកប្រាក់ទទួលបានពីការលក់អចលនទ្រព្យមួយនេះ នឹងយកទៅទិញអចលនទ្រព្យមួយទៀតដែលអាចសមល្មមឲ្យអង្គការខាងលើឈរជើងបាន ស្របពេលទឹកប្រាក់ដែលសេសសល់នឹងយកទៅផ្ចុងផ្ដើមមូលនិធិជួយដល់ជនអន្តោប្រវេសន៍ដែលមករស់នៅទីក្រុង Los Angeles៕