ក្រដាសប្រាក់រាប់លានសន្លឹក ដែលកំពុងចរាចរនៅចក្រភពអង់គ្លេស គឺសុទ្ធតែមានរូបម្ចាស់ក្សត្រី Elizabeth II ប៉ុន្តែក្រោយការចូលទិវង្គតរបស់ទ្រង់ ក្រដាសប្រាក់ទាំងនោះអាចនឹងត្រូវផ្លាស់ប្ដូររូបភាពថ្មី។

យោងតាមការចុះផ្សាយពី CNN បានឲ្យដឹងថា ក្រដាសប្រាក់ច្រើនជាង ៤,៧ លានសន្លឹកដែលមានរូបម្ចាស់ក្សត្រី Elizabeth II កំពុងមានចរាចរនៅអង់គ្លេស ដែលគិតជាទឹកប្រាក់គឺប្រហែល ៨២ ពាន់លានផោន ឬប្រមាណ ៩៥ ពាន់លានដុល្លារ។

ក្រៅពីក្រដាសប្រាក់ ក៏នៅមានដូចជាកាក់ដែលមានរូបទ្រង់ទៀតផង ហើយបើតាមទិន្នន័យផ្ដល់ឲ្យដោយធនាគារកណ្ដាលបានបញ្ជាក់ថា មានកាក់ប្រមាណ ២៩ ពាន់លានកាក់ដែលមានរូបរបស់ម្ចាស់ក្សត្រី Elizabeth II។
សារព័ត៌មានខាងលើបានអះអាងថា ក្រដាសប្រាក់ថ្មីនឹងត្រូវណែនាំក្រោយចប់ពិធីកាន់ទុក្ខម្ចាស់ក្សត្រី ស្របពេលធនាគារកណ្ដាលបង្ហើបថា ក្រដាសប្រាក់ចាស់នឹងអនុញ្ញាតឲ្យប្រើប្រាស់ត្រឹមរយៈពេលកំណត់មួយ។

សូមជម្រាបដែរថា មិនមែនមានតែក្រដាសប្រាក់នៅអង់គ្លេសឡើយដែលមានរូបម្ចាស់ក្សត្រី Elizabeth II ពោលនៅប្រទេសផ្សេងៗដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេសក៏បានប្រើប្រាស់លុយដែលមានរូបទ្រង់ដូចគ្នា តួយ៉ាងដូចជា កាណាដា និងអូស្ត្រាលីជាដើម៕