ប្រទេសអាល្លឺម៉ង់នៅបន្តនាំចូលទំនិញពីរុស្ស៊ីនៅឡើយ ហើយការនាំចូលសារនេះគឺមានទំហំរាប់ពាន់លានដុល្លារឯណោះ បើយោងតាមទិន្នន័យផ្ដល់ឲ្យដោយការិយាល័យស្ថិតិអាល្លឺម៉ង់។

តម្លៃទំនិញដែលនាំចូលពីរុស្ស៊ីមកកាន់អាល្លឺម៉ង់គឺបានកើនឡើង ១០,២% បើធៀបទៅនឹងខែកក្កដា ២០២១ ខណៈគិតត្រឹមខែកក្កដាឆ្នាំនេះ អាល្លឺម៉ង់បាននាំចូលទំនិញពីរុស្ស៊ីគិតជាទឹកប្រាក់សរុបប្រមាណជិត ៣ ពាន់លានដុល្លារ។
ការិយាល័យស្ថិតិបានបង្ហើបឲ្យដឹងទៀតថា ក្នុងចំណោមទំនិញដែលនាំចូលពីរុស្ស៊ីទាំងអស់ ប្រេងឆៅ និងឧស្ម័នធម្មជាតិគឺជាទំនិញដែលអាល្លឺម៉ង់ចាយលុយច្រើនបំផុត សម្រាប់ការនាំចូល ពោលគឺ ចាយប្រមាណ ១,៤ ពាន់លានដុល្លារ។

យ៉ាងណា សម្រាប់ស្ថិតិនាំចេញទំនិញពីអាល្លឺម៉ង់ទៅរុស្ស៊ីវិញ មានសភាពផ្ទុយស្រឡះ ពោលគឺបានធ្លាក់ចុះដល់ទៅ ៥៦,៨% ដោយសារតែអាល្លឺម៉ង់ហាក់បង្វែរគោលដៅមកធ្វើពាណិជ្ជកម្មជាមួយអាមេរិក បារាំង និងហូឡង់វិញ៕