លោក Li Zhanshu ប្រធានសភាប្រជាជនចិនបានធ្វើដំណើរទស្សនកិច្ចសុច្ឆន្ទៈជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ី ក្រោមការអញ្ជើញពីលោក Vyacheslav Volodin ប្រធានសភារុស្ស៊ី។
ក្នុងដំណើរទស្សនកិច្ចមួយនេះ បុរសដែលតំណាងឲ្យប្រទេសចិនបានជួបសំណេះសំណាលជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ហើយលោកបានសម្ដែងការមិនពេញចិត្តជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលរុស្ស៊ីទទួលបានពីមហាអំណាចលោកខាងលិច និងសហភាពអឺរ៉ុប។
យោងតាមការចុះផ្សាយពី VOA បានឲ្យដឹងថា ប្រធានសភាចិនបានរិះគន់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី និងបានទម្លាយថា ចិនដែលជាសម្ព័ន្ធមិត្តនឹងនៅតែគាំទ្ររុស្ស៊ីសម្រាប់សង្គ្រាមជាមួយអ៊ុយក្រែន។
សូមជម្រាបដែរថា រុស្ស៊ីក៏បានបង្ហាញពីភក្ដីភាពរបស់ពួកគេទៅកាន់ចិន តាមរយៈការគាំទ្រចិនពីការចោទប្រកាន់របស់ UN ជុំវិញការរំលោភបំពានសិទ្ធមនុស្ស ជាពិសេសលើប្រជាជនមូស្លីម។
ការគាំទ្រគ្នាទៅវិញទៅមកបែបនេះបានបង្ហាញឲ្យឃើញថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិនគឺកាន់តែស្អិតល្មួត ដែលធ្វើឲ្យសហរដ្ឋអាមេរិកកាន់តែមានការប្រុងប្រយ័ត្នលើសដើម ដ្បិតតាំងពីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីមក ចិនគឺជាអ្នកកើបផលប្រយោជន៍បានច្រើនបំផុតសម្រាប់ឱកាសមាសមួយនេះ៕