កាលពីថ្ងៃច័ន្ទកន្លងទៅ អតីតនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក Andrej Babis ត្រូវបានកោះហៅឡើងតុលាការ ជុំវិញពាក្យបណ្ដឹងចោទលោកថា បានកិបកេងលុយជំនួយពីសហភាពអឺរ៉ុបប្រមាណ ២ លានដុល្លារ។
យោងតាមការចុះផ្សាយពី Reuters បានឲ្យដឹងថា ព្រះរាជអាជ្ញាបានចោទប្រកាន់មហាសេដ្ឋីខាងលើដែលជាម្ចាស់សហគ្រាសធំៗលើវិស័យជាច្រើន ជុំវិញការកិបកេងលុយជំនួយពី EU មុនពេលបង្កើតគណបក្សប្រឆាំង ANO នៅក្នុងឆ្នាំ ២០១១។
យ៉ាងណា លោក Babis បានប្រកែកដាច់អហង្ការថា ពាក្យចោទប្រកាន់ទាំងអម្បាលម៉ានគឺសុទ្ធសឹងតែមិនពិត ហើយបញ្ហានេះគឺទាក់ទងនឹងរឿងនយោបាយ។
សូមជម្រាបដែរថា លោក Babis ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែកពីឆ្នាំ ២០១៧ ដល់ ២០២១ ហើយថ្មីៗនេះលោកហាក់ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង រហូតដល់អ្នកវិភាគជាច្រើនសន្និដ្ឋានថា បុរសវ័យ ៦៨ ឆ្នាំទំនងអាចទទួលបានតំណែងមួយនេះម្ដងទៀតសម្រាប់អាណត្តិក្រោយ។
គួររំលឹកដែរថា ទ្រព្យសម្បត្តិសរុបរបស់អ្នកនយោបាយចាស់វស្សាម្នាក់នេះមានប្រមាណជិត ៤ ពាន់លានដុល្លារអាមេរិក បើយោងតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៕