ការចូលទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II គឺបានធ្វើឲ្យមហាជនទូទាំងសកលលោកមានការសោកស្ដាយជាខ្លាំង ហើយក្នុងនោះពិភពលោកក៏នឹងត្រូវមានការផ្លាស់ប្ដូរច្រើនយ៉ាងផងដែរ តួយ៉ាងដូចជា ការផ្លាស់ប្ដូររូបភាពលើរូបិយវត្ថុរបស់អង់គ្លេសជាដើម។

ក្រោយការចូលទិវង្គតរបស់ទ្រង់ ព្រះអង្គម្ចាស់ Charles ត្រូវបានតែងតាំងជាស្ដេចគ្រប់គ្រងចក្រភពអង់គ្លេសបន្តពីព្រះមាតាមួយរំពេច និងត្រូវបានប្រគល់ងារជា King Charles III។

ដោយសារការតែងតាំងធ្វើឡើងទាំងប្រញាប់ប្រញាល់ King Charles III ដែលធ្លាប់ជាព្រះអង្គម្ចាស់នៃប្រទេសវែល បានប្រកាសប្រគល់តំណែងមួយនេះទៅកាន់បុត្រា William និងថែមទាំងបានតែងតាំងព្រះសុណិសា Kate Middleton ជាព្រះនាងនៃប្រទេសវែលថែមទៀត ខណៈតំណែងមួយនេះមិនធ្លាប់ត្រូវបានប្រគល់ជូនបុគ្គលណាតាំងពីឆ្នាំ ១៩៩៧ មកម៉្លេះ។

គោរមងារថ្មីដែលព្រះអង្គម្ចាស់ William និងព្រះមហេសីទទួលបាននេះ ក៏នាំមកជាមួយនូវទ្រព្យសម្បត្តិមហាសាលផងដែរ ពោលបានធ្វើឲ្យអ្នកទាំង ២ ក្លាយជាមហាសេដ្ឋីត្រឹមមួយប៉ប្រិចភ្នែក។
យោងតាមការចុះផ្សាយពី Dailystar ទ្រព្យសម្បត្តិរបស់ព្រះអង្គម្ចាស់ William មានប្រមាណ ៣៤ លានផោនមុនការក្លាយជាព្រះអង្គម្ចាស់នៃប្រទេសវែល ប៉ុន្តែក្រោយការតែងតាំងទ្រព្យសម្បត្តិរបស់ទ្រង់បានកើនឡើងដល់ ១,១ ពាន់លានផោន ឬ ១,៣ ពាន់លានដុល្លារ។

ក្រៅពីការកើនទ្រព្យសម្បត្តិដ៏អស្ចារ្យ ប្រភពសារព័ត៌មានអន្តរជាតិជាច្រើនសុទ្ធតែអះអាងថា ព្រះអង្គម្ចាស់ និងព្រះនាងប្រទេសវែល បច្ចុប្បន្នមានដីធ្លីក្នុងកម្មសិទ្ធប្រមាណ ៥១ ៨០០ ហិកតានៅជុំវិញប្រទេសអង់គ្លេស និងវែលថែមទៀត៕