សហរដ្ឋអាមេរិកកំពុងពិចារណាក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់មហាអំណាចអាស៊ីទៅលើកោះតៃវ៉ាន់ ស្របពេលរដ្ឋាភិបាលក្រុងតៃប៉ិក៏កំពុងទទូចស្នើសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបជុំវិញបញ្ហានេះផងដែរ។

ប្រភពដែលជិតស្និទ្ធនឹងបញ្ហាមួយនេះបានទម្លាយថា កិច្ចពិភាក្សារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន និងតៃវ៉ាន់ បានធ្វើឡើងបន្ទាប់ពីតៃវ៉ាន់អះអាងថា ចិនបានឈ្លានពានចូលដល់ច្រកដែនសមុទ្ររបស់ខ្លួន។
យ៉ាងណា មកទល់ពេលនេះព័ត៌មានលំអិតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិនគឺមិនត្រូវបានទម្លាយនៅឡើយ ប៉ុន្តែមានការចោទសួរពីលទ្ធភាពដែលអាចកើតរួចប៉ុន្មានភាគរយ ដ្បិតចិនគឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក និងជាអ្នកផ្គត់ផ្គង់ធំបំផុតមួយថែមទៀត ដូច្នេះបើសិនជាមានទណ្ឌកម្មសេដ្ឋកិច្ចមែន វាអាចនឹងបង្កផលប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មជាសកល។

សូមជម្រាបដែរថា បញ្ហារវាងកោះតៃវ៉ាន់ និងចិនគឺចាប់ផ្ដើមតឹងសរសៃកដាក់គ្នាកាន់តែខ្លាំង បន្ទាប់ពីលោកស្រី Nancy Pelosi ចចេសធ្វើទស្សនកិច្ចមកកាន់ដីកោះមួយនេះ បើទោះជារដ្ឋាភិបាលចិនព្រមានច្រើនលើកច្រើនសារ កុំឲ្យលូកដៃក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួនក៏ដោយ៕