ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ថៃ កើនឡើងដល់តម្លៃជាង ៤ ពាន់លានដុល្លារ ត្រឹម ៧ ខែដំបូងឆ្នាំនេះ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បាននិយាយថា ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃ រំពឹងថានឹងអាចកើនឡើង ២០% នៅឆ្នាំ ២០២២ នេះ បន្ទាប់ពីការបញ្ជាទិញ បានកើនឡើងយ៉ាងខ្លាំង ក្នុងរយ:ពេល ៧ ខែដំបូង មកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងពិព័រណ៍ត្បូង និងគ្រឿងអលង្ការទីក្រុងបាងកក លើកទី ៦៧ ដែលធ្វើឡើងក្នុងពេលថ្មីៗនេះ លោក Jurin បាននិយាយថា តម្លៃនៃការនាំចេញត្បូង និងគ្រឿងអលង្ការ ដែលមិនរាប់បញ្ចូលទាំងមាស បានកើនឡើងដល់តម្លៃ ៤,៤៨ ពាន់លានដុល្លារ ក្នុងរយ:ពេល ៧ ខែដំបូងនៃឆ្នាំនេះ ពោលគឺបានកើនឡើង ៣៧,៦% ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

លើសពីនេះ កាសែត Bangkok Post បានដកស្រង់សម្តីរបស់លោក Jurin ថា ” ដោយសារតែកម្រិតជំនាញនៃការកែច្នៃ បូករួមគោលនរយោបាយរបស់រដ្ឋាភិបាល ក្នុងការគាំទ្រដល់ការរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ គឺបានធ្វើឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលត្បូង និងគ្រឿងអលង្ការដ៏សំខាន់បំផុតរបស់ពិភពលោក ” ។

ជាការពិតណាស់ ត្បូង និងគ្រឿងអលង្ការ គឺជាឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសថៃ ដែលមានសហគ្រាសធុនតូច និងមធ្យម ជាង ៩០% ហើយបានផ្តល់ឱកាសការងារដល់កម្មករចំនួន ៦៦៤ ០០០ នាក់ តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំ ២០២១ តម្លៃនៃការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ថៃ (មិនរាប់បញ្ចូលមាស) បានកើនឡើង ២៦,៩% បើធៀបនឹងឆ្នាំមុន ដែលឈានដល់តម្លៃ ៦,១៦ ពាន់លានដុល្លារ ៕