ប្រធានបេសកជនរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែលទទួលបន្ទុកនៅអ៊ុយក្រែន ធ្លាប់បានប្រាប់ថ្នាក់ដឹកនាំរុស្ស៊ីតាំងពីសង្គ្រាមទើបចាប់ផ្ដើមថា លោកអាចបញ្ចុះបញ្ចូលឲ្យអ៊ុយក្រែនអោយយល់ព្រមសំណើរបស់រុស្ស៊ី ក្នុងការមិនពាក់ព័ន្ធជាមួយ NATO បាន និងសុំឲ្យប្រទេសទាំង ២ ចុះកិច្ចសន្យាសន្តិភាពឡើងវិញ។ នេះបើតាមការចុះផ្សាយពី Reuters។

ប៉ុន្តែសំណើរបស់លោក Dmitry Kozak ដែលមានដើមកំណើតនៅអ៊ុយក្រែន ត្រូវបានបដិសេធពីពូទីន ហើយមេដឹកនាំរូបនេះថែមទាំងបានបញ្ជូនកងទ័ពត្រៀមវាយលុកអ៊ុយក្រែនរួចស្រេចទៀតផង។

ប្រភពដដែលបន្ថែមទៀតថា លោក Kozak យល់ឃើញថា កិច្ចព្រមព្រៀងដែលពូទីនច្រានចោលនោះ បានធ្វើឲ្យរុស្ស៊ីខាតបង់ប្រយោជន៍ធំ ពោលគឺរារាំងដល់ការគ្រប់គ្រងទ្រង់ទ្រាយធំនៅអ៊ុយក្រែន។

គួររំលឹកដែរថា ពូទីនតែងតែបារម្ភអំពីការពង្រីកខ្លួនរបស់ NATO ស្របពេលមួយរយៈកាលចុងក្រោយ អង្គការពិភពលោកមួយនេះចាប់ផ្ដើមពង្រីកវិសាលភាពកងទ័ពរបស់ខ្លួនមកកាន់តំបន់អឺរ៉ុបខាងកើត និងប្រទេសជិតខាងរុស្ស៊ីផង វារឹតតែធ្វើឲ្យរុស្ស៊ីកាន់តែនៅមិនសុខថែមទៀត។

សូមជម្រាបដែរថា ព័ត៌មានមួយនេះទើបនឹងត្រូវបានទម្លាយឡើងដោយ Reuters បើទោះជាសង្គ្រាមត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនខែ ប៉ុន្តែទន្ទឹមនឹងនោះអ្នកនាំពាក្យវិមានក្រឹមឡាំងចេញមុខប្រកែកដាច់អហង្ការថា ទិន្នន័យដែល Reuters បានផ្សាយនេះគឺមិនពិតសោះឡើយ ពោលគឺមិនធ្លាប់មានការស្នើសុំបែបនេះមុនពេលសង្គ្រាមបានផ្ទុះទេ៕