ប្រធានាធិបតីចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចក្រៅប្រទេសលើកតំបូង តាំងពីផ្ទុះកូវីដ ១៩

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទៅដល់ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធនេះ ដែលជាការចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ មុនពេលចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី​ លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំដទៃទៀត នៃក្រុមសន្តិសុខអាស៊ីកណ្តាល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ី ជិនពីង ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីរបស់ប្រទេសកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅឯព្រលានយន្តហោះ ក្នុងរដ្ឋធានីន័រស៊ូលតង់ នៅរសៀលថ្ងៃពុធនេះ ខណ:មេដឹកនាំប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នា ទៅលើថាមពល និងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា កាហ្សាក់ស្ថាន គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ តម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសចិន ដើម្បីពង្រីកពាណិជ្ជកម្មតាមរយៈការកសាងកំពង់ផែ ផ្លូវរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងតំបន់។

យោងតាម អនុរដ្ឋមន្ត្រីការបរទេស កាហ្សាក់ស្ថាន លោក Roman Vassilenko បាននិយាយនៅសប្តាហ៍នេះ មុនពេលការមកដល់របស់លោក ស៊ី ជិនពីង ថា ៖ “ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខ្លាំងណាស់។ យើង​សង្ឃឹម​ថា វា​នឹង​ជំរុញ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន បន្ថែមទៀត ” ។

ដោយឡែក ក្រោយដំណើរទស្សនកិច្ចក្នុងប្រទេសកាហ្សាក់ស្ថាន ត្រូវបានបញ្ចប់ ប្រធានាធិបតីចិន នឹងត្រូវបន្តធ្វើដំណើរទៅកាន់ទីក្រុង Samarkand នៃប្រទេស Uzbekistan នៅថ្ងៃស្អែកនេះ សម្រាប់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការរសៀងហៃ SCO មានមេដឹកនាំប្រាំបីប្រទេសចូលរួម ដែលដឹកនាំដោយចិន និងរុស្ស៊ី ។

នៅក្នុងកិច្ចប្រជុំ SCO នេះផងដែរ មេដឹកនាំនៃប្រទេសចំនួន ៨ នឹងជួបពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ ហើយសម្រាប់ជំនួបរវាងលោក ស៊ី និងពូទីន នឹងត្រូវធ្វើឡើង នៅក្រៅកិច្ចប្រជុំ SCO ខណ:នេះគឺជាការជួបទល់មុខផ្ទាល់លើកទីមួយ រវាងមេដឹកនាំប្រទេសទាំងពីរ ចាប់តាំងពីកើតមានសង្គ្រាមនៅអ៊ុយក្រែនមក ៕