កាលពីដើមសប្ដាហ៍នេះ មហាសេដ្ឋីអាមេរិកទាំងអស់ហាក់ទទួលរងការខាតបង់ធំបំផុតមិនធ្លាប់មាន ពោលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពួកគេរបូតលុយសរុបជាង ៩០ ពាន់លានដុល្លារ ហើយក្នុងនោះស្ថាបនិក Amazon លោក Jeff Bezos ខាតបង់ធ្ងន់ធ្ងរជាងគេ។

ទន្ទឹមនឹងនោះ Forbes ក៏បានរាយការណ៍ដែរថា ស្របពេលដែលមេធំ Amazon ខាតបង់អស់ជិត ១០ ពាន់លានដុល្លារ អ្នកមានបំផុតនៅអាស៊ី Gautam Adani បានទទួលងារជាមហាសេដ្ឋីមានបំផុតទី ៣ លើលោកបន្ទាប់ពី Elon Musk និង Bernard Arnault។

យោងតាមការចុះផ្សាយពី Forbes Real Time Billionaires បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ កញ្ញា ម៉ោង ២ រសៀលនេះ មហាសេដ្ឋីឥណ្ឌាមានទ្រព្យសម្បត្តិសរុប ១៥៣,៥ ពាន់លានដុល្លារ ខណៈស្ថាបនិក Amazon មានទ្រព្យសម្បត្តិ ១៥១,៩ ពាន់លានដុល្លារ។

សូមជម្រាបដែរថា គិតតាំងពីឆ្នាំមុនមកទល់ពេលនេះ ទ្រព្យសម្បត្តិរបស់ Adani គឺបានកើនឡើងជាង ៣ ដង ស្របពេលទ្រព្យសម្បត្តិរបស់ Jeff Bezos វិញគឺបានបន្តធ្លាក់ចុះប្រហែល ២០ ពាន់លានដុល្លារ៕