កត្តាបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាចំបងមួយដែលមេដឹកនាំទូទាំងសកលលោកកំពុងព្យាយាមរកដំណោះស្រាយឲ្យបានសមប្រកប ហើយក៏មានការចូលរួមពីសំណាក់មហាសេដ្ឋីទូទាំងពិភពលោកផងដែរ។

យោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថា លោក Yvon Chouinard ស្ថាបនិកហាងលក់សម្លៀកបំពាក់ Patagonia បាននិយាយថា លោកនឹងបរិច្ចាគចំណូលពីក្រុមហ៊ុនប្រមាណ ១០០ លានដុល្លារ/ឆ្នាំ ទៅកាន់អង្គការសប្បុរសធម៌ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
ប្រភពដដែលបានបន្ថែមថា ហាងលក់សម្លៀកបំពាក់ Patagoia គឺមានសាខាច្រើនជាង ១០ ប្រទេស ហើយចំណូលឆ្នាំនេះត្រូវបានគេសន្និដ្ឋានថា ទទួលបានប្រមាណ ១,៥ ពាន់លានដុល្លារ ស្របពេលមហាសេដ្ឋីអាមេរិកមានទ្រព្យសម្បត្តិ ១,២ ពាន់លានដុល្លារ។

សូមជម្រាបដែរថា ក្រៅពីប្រកាសផ្ដល់ជំនួយ ១០០ លានដុល្លារជារៀងរាល់ឆ្នាំ មហាសេដ្ឋីខាងលើក៏តែងតែបរិច្ចាគចំណូលប្រចាំឆ្នាំ ១% របស់ខ្លួនទៅកាន់សកម្មជនមូលដ្ឋាន និងតែងតែបញ្ចេញមុខរាល់សកម្មភាពសប្បុរសធម៌នានាផងដែរ៕