នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនត្រា ម៉ូឌី (Naredra Modi) និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថានឹងជួបផ្ទាល់មុខគ្នា នៅថ្ងៃសុក្រនេះ ខណ:នេះគឺជាលើកដំបូងហើយ ដែលមេដឹកនាំរបស់ប្រទេសទាំងពីរនឹងត្រូវជួបគ្នា បន្ទាប់ពីមានទំនាស់ព្រំដែន ចាប់តាំងពីឆ្នាំ ២០២០ មក ។
លោក ម៉ូឌី នឹងហោះហើរទៅកាន់ទីក្រុង Samarkand របស់ប្រទេស Uzbekistan នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមសន្តិសុខក្នុងតំបន់ គឺត្រូវគេស្គាល់ថាជាអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងមានការចូលរួម ពីលោក ស៊ី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ ។
គួរឱ្យដឹងផងដែរថា ជំនួបរវាងលោក ស៊ី និងលោក Modi ដែលគ្រោងទុកនោះ គឺបានកើតឡើង បន្ទាប់ពីទាហានឥណ្ឌា និងចិន នៅសប្តាហ៍នេះ បានដកថយពីតំបន់ជម្លោះរៀងខ្លួន តាមបណ្តោយព្រំដែនខណ្ឌចែកដោយភ្នំហិមាល័យខាងលិច រវាងឥណ្ឌា-ចិន ក្រោយពីមានការប្រឈមមុខដាក់គ្នា អស់រយ:ពេលជាងពីរឆ្នាំកន្លងមកនេះ ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vinay Kwatra បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះថា លោក ម៉ូឌី នឹងមានកិច្ចប្រជុំទ្វេភាគី នៅខាងក្រៅកិច្ចប្រជុំកំពូល SCO នៅថ្ងៃសុក្រ ប៉ុន្តែយ៉ាងណាក៏ដោយ លោកមិនបានធ្វើការបញ្ជាក់លម្អិត អំពីការជួបទល់មុខគ្នា ជាមួយនឹងលោក ស៊ី នោះឡើយ ។
ដោយឡែកសម្រាប់ប្រទេសរុស្ស៊ីវិញ បានបញ្ជាក់រួចហើយ ថានឹងមានជំនួបទ្វេភាគីរវាង លោកពូទីន និងលោក ម៉ូឌី បន្ទាប់ពីកិច្ចប្រជុំនោះ ខណ:មេដឹកនាំប្រទេសទាំងពីរ ត្រូវបានគេដឹងថា នឹងពិភាក្សាគ្នាទៅលើពាណិជ្ជកម្មក៏ដូចជាការទិញជីកសិកម្មពីរុស្ស៊ី និងការផ្គត់ផ្គងអាហារគ្នា ទៅវិញទៅមកផងដែរ ៕