កាលពីថ្ងៃទី ១៥ កញ្ញានេះ ប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសអ៊ូសបេគីស្ថាន ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO។

យោងតាមការចុះផ្សាយពី Yahoo បានឲ្យដឹងថា កិច្ចប្រជុំកំពូល SCO ឆ្នាំនេះគឺនឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងសាម៉ាកាន់ ហើយគេរំពឹងថា ប្រធានាធិបតីចិន នឹងអាចជួបចរចាជាមួយលោកពូទីន ក្រោយចប់កិច្ចប្រជុំមួយនេះ។

ដោយឡែក បើតាមរបាយការណ៍ចេញផ្សាយដោយ Reuters បានឲ្យដឹងថា ប្រធានបទដែលមេដឹកនាំមហាអំណាចទាំង ២ នេះនឹងលើកយកមកជជែកគឺ បញ្ហានៃសង្គ្រាមអ៊ុយក្រែន និងកោះតៃវ៉ាន់។

សូមជម្រាបដែរ សារព័ត៌មានអន្តរជាតិជាច្រើនសុទ្ធតែបានអះអាងថា នៅថ្ងៃសុក្រស្អែកនេះ ថ្នាក់ដឹកនាំរុស្ស៊ី នឹងត្រូវជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ែបៃហ្សង់ ឥណ្ឌា និងតួកគី៕