ក្វាងចូវក្លាយជាទីក្រុងចិនធំទីមួយ ដែលអនុញ្ញាតិឲ្យមានការបញ្ចុះតម្លៃផ្ទះដល់ ២០%

អន្តរជាតិ

ដូចប្រិយមិត្ត​ធ្លាប់​បាន​ដឹង​ហើយ​ថា បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ ដោយសារការ​លក់​ផ្ទះ​មិនចេញ ស្របពេល​សេដ្ឋកិច្ច​សកល​កាន់តែយ៉ាប់យ៉ឺន​ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ចំបង​មួយដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ក្ស័យធន គឺ​មិនអាច​លក់​ផ្ទះ​ចេញ ឬ​មិនអាច​បញ្ចប់​គម្រោង​តាម​ការ​គ្រោងទុក ដូច្នេះ​មាន​តែ​ព្យាយាម​ធ្វើយ៉ាងណា​លក់​ផ្ទះ​ឲ្យ​ចេញ​ក្នុង​តម្លៃ​ចំណេញ​តិចតួច ឬ​អាច​ខាត​តិចតួច ដើម្បី​មក​ទប់ទល់​ការ​ចំណាយ​ក្រុមហ៊ុន។

យ៉ាងណា ដំណោះស្រាយ​មួយ​នេះ​មិនត្រូវបាន​អនុវត្ត​នៅ​ទីក្រុង​ធំៗ​នៃ​ប្រទេស​ចិន​ឡើយ ដ្បិត​វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​របស់​អ្នកមានៗ​នៅ​ទីនោះ មាន​ការ​ធ្លាក់ចុះ ប៉ុន្តែទីក្រុងក្វាងចូវ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ អាច​ធ្វើ​ការ​បញ្ចុះ​តម្លៃ​អចលនទ្រព្យ​របស់​ពួកគេ​បាន។

យោង​តាម​ការ​ចុះផ្សាយ​ពី CNA បាន​ឲ្យ​ដឹង​ថា ក្វាងចូវ​គឺជា​ទីក្រុង​ធំ​បំផុត​មួយ​នៅ​ចិន បន្ទាប់​ពី​ទីក្រុង​ប៉េកាំង សៀងហៃ និង​ស៊ិនជិន ដែល​មាន​ប្រជាជន​ជិត ១៩ លាន​នាក់​រស់នៅ បាន​ក្លាយជា​ទីក្រុង​ទីមួយ​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​អចលនទ្រព្យ​ច្រើនបំផុត​រហូត​ដល់ ២០%។

ក្នុងចំណោម​ទីក្រុង​ធំ​បំផុត​ទាំង ៤ នៅ​ចិន តម្លៃ​អចលនទ្រព្យ​នៅ​ក្វាងចូវ​គឺ​មាន​តម្លៃ​ទាប​ជាងគេ គឺ ២៥ ០០០ យន់ ឬ​ប្រមាណ ៣ ៥៨០ ដុល្លារ/ម៉ែត្រការ៉េ ខណៈ​នៅ​ស៊ិនជិន​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ទ្វេដង។ នេះ​បើតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ China Index Academy។

សូមជម្រាប​ដែរ​ថា ក្រុមហ៊ុន​លក់​អចលនទ្រព្យ​នៅ​ក្វាងចូវ​អាច​មាន​សិទ្ធ​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ពី ៦% ដល់ ២០% ទៅកាន់​អតិថិជន​របស់​ពួកគេបាន៕