យោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន គ្រោងនឹងលើកលែងតម្រូវការទិដ្ឋាការ សម្រាប់ភ្ញៀរទេសចរមកពីប្រទេសមួយចំនួន រួមទាំងការដកចេញ ច្បាប់កំណត់ចំនួននៃការមកដល់របស់ភ្ញៀវទេសចរប្រចាំថ្ងៃផងដែរ នៅក្នុងខែតុលាខាងមុខនេះ ។
ប្រភពខាងលើ បានបង្ហាញទៀតថា បន្ទាប់ពីការផ្លាស់ប្តូរនេះ ប្រទេសជប៉ុន នឹងមិនទាមទារទិដ្ឋាការសម្រាប់អ្នកដំណើររយ:ពេលខ្លី ពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនោះឡើយ រួមទាំងលុបចោល ការកំណត់ចំនួនភ្ញៀវទេសចរប្រចាំថ្ងៃ ចំនួន ៥០ ០០០០ នាក់ ផងដែរ ។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kshida ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសអំពីការវិធានការថ្មីនេះ នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ជាមួយនឹងប្រាក់យ៉េនធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេល ២៤ ឆ្នាំចុងក្រោយធៀបនឹងប្រាក់ដុល្លារ ដូច្នេះរដ្ឋាភិបាលជប៉ុន រំពឹងថាខ្លួននឹងអាចទទួលបានអត្ថប្រយោជន៍ ពីការបង្កើនចំនួនភ្ញៀវទេសចរ ពីក្រៅប្រទេស ជាមួយនឹងការបន្ធូរបន្ថយតម្រូវការ ធ្វើដំណើរ ។
គួរឱ្យដឹងថា ប្រទេសជប៉ុនកាលពីសប្តាហ៍មុន បានបង្កើនចំនួនអ្នកធ្វើដំណើរចូលមកកាន់ប្រទេសរបស់ខ្លួនប្រចាំថ្ងៃ ដល់ ៥០ ០០០ នាក់ ពីចំនួន ២០ ០០០ នាក់ ហើយថែមទាំងបានលុបចោលតម្រូវការធ្វើតេស្តកូវីដ ១៩ ផងដែរ បន្ទាប់ពីប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតមួយនេះ បានធ្វើការរឹតបន្តឹងយ៉ាងខ្លាំង ចំពោះការធ្វើដំណើរ នៅតាមព្រំដែន នាពេលកន្លងមក ៕