ក្រុមហ៊ុន China Evergrande Group បានប្រកាសថា ពួកគេនឹងចាប់ផ្ដើមផលិតរថយន្តអគ្គិសនីខ្នាតយក្សនៅថ្ងៃសុក្រនេះ ហើយចំពោះម៉ូដែលដែលនឹងត្រូវផលិតជាច្រើនពាន់គ្រឿងនោះគឺ Hengchi 5 នៅរោងចក្រនៃភាគខាងជើងទីក្រុងធានជីង។ នេះបើតាមការចុះផ្សាយពី Reuters។

ប្រភពដដែលបានបន្ថែមថា រថយន្តអគ្គិសនីរបស់ Evergrande ដែលមិនបានបញ្ចេញម៉ូដែលកាលពីឆ្នាំទៅ នឹងត្រូវមានវត្តមានលើទីផ្សារនៅខែតុលានេះ ខណៈពួកគេនឹងបន្តការផលិតរថយន្ត EV ជាច្រើនពាន់គ្រឿងម្ដងទៀតនៅពាក់កណ្ដាលឆ្នាំ ២០២៣ ហើយនឹងធ្វើបែបនេះសម្រាប់ឆ្នាំបន្តបន្ទាប់។

មូលហេតុដែលក្រុមហ៊ុនចាប់ផ្ដើមដុតដៃដុតជើងខ្លាំងលើការផលិតរថយន្តអគ្គិសនីបែបនេះ គឺដោយសារវាគឺជាកត្តាសំខាន់ក្នុងការជួយសម្រួលដល់បំណុលជាង ៣០០ ពាន់លានដុល្លារដែល Evergrande កំពុងផុងខ្លួន រហូតជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍ជាប់បំណុលច្រើនបំផុតលើលោក។

សូមជម្រាបដែរថា យោងតាមការអះអាងពីក្រុមហ៊ុនបានឲ្យដឹងថា គោលបំណងរបស់ពួកគេគឺនឹងផលិតរថយន្តឲ្យបាន ១ លានគ្រឿងនៅឆ្នាំ ២០២៥ ហើយសម្រាប់រថយន្តម៉ូដែល Hengchi 5 វិញគឺមានតម្លៃចាប់ពី ១៧៩ ០០០ យន់ ឬប្រមាណ ២៥ ៥៣២ ដុល្លារ៕