អត្រានៃការកើតមានវិបត្តិសេដ្ឋកិច្ចជាសកលកំពុងខិតកាន់តែកៀកមែនទែនហើយ ស្របពេលកំណើនអត្រាការប្រាក់ក៏កាន់តែខ្ពស់ទៅៗថែមទៀត ដូច្នេះធនាគារពិភពលោកបានចេញសារដាស់តឿន និងអំពាវនាវឲ្យរដ្ឋាភិបាលជួយសម្រួលដល់ការផ្គត់ផ្គង់ ដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញ។
យោងតាមទិន្នន័យផ្ដល់ឲ្យដោយធនាគារពិភពលោកបានឲ្យដឹងថា អតិផរណាជាសកលបានកើនឡើងលឿនបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយ ដោយសារតែការរាំងស្ទះសង្វាក់ផ្គត់ផ្គង់ ចំពេលតម្រូវការមានខ្ពស់នៅប្រទេសមួយចំនួនអំឡុងពេលមានជំងឺរាតត្បាត។
ការរាតត្បាតជំងឺកូវីដ ១៩ បង្កផលប៉ះពាល់មួយតង់ហើយ ប៉ុន្តែនៅពេលដែលរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែនមួយតង់ទៀត វារឹតតែធ្វើឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺន ដ្បិតប្រទេសទាំង ២ គឺជាអ្នកនាំចេញស្បៀងអាហារធំបំផុតមួយនៅលើលោក។
បន្ថែមពីនោះ សេដ្ឋកិច្ចវិទូនៃធនាគារពិភពលោកធ្លាប់បង្ហើបថា ប្រទេសជាច្រើននឹងជៀសមិនផុតពីវិបត្តិសេដ្ឋកិច្ចដែលអាចកើតមានឡើងនៅឆ្នាំ ២០២៣ ឡើយ ហើយលោក David Malpass ប្រធានធនាគារពិភពលោកបានអំពាវនាវឲ្យប្រទេសជាច្រើនត្រៀមខ្លួនប្រឈមនឹងវិបត្តិដ៏អាក្រក់មួយនេះ៕