មហាសេដ្ឋីអាមេរិក Elon Musk គឺជាបុគ្គលតំបូងដែលធ្លាប់មានទ្រព្យសម្បត្តិច្រើនលើស ៣០០ ពាន់លានដុល្លារ ដែលគ្រានោះតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺមានតម្លៃប្រមាណជាង ១ ពាន់ដុល្លារ/ហ៊ុន។

ក្រៅពីក្រុមហ៊ុន Tesla ដែលជាអ្នកជំនាញផលិតរថយន្តអគ្គិសនី មហាសេដ្ឋីមានបំផុតលើលោកម្នាក់នេះ មានក្រុមហ៊ុនជាច្រើនដែលរកស៊ីលើវិស័យបច្ចេកវិទ្យាថែមទៀតដូចជា SpaceX, Boring Company និង Twitter ជាដើម ដែលសុទ្ធតែផ្ដោតសំខាន់លើវិស័យបច្ចេកវិទ្យា។
បើសង្កេតមើលឲ្យមែនទែនទៅ ស្ទើរតែគ្រប់មុខជំនួញដែលមេធំ Tesla កាន់កាប់គឺស្ថិតនៅក្នុងចង្កោមបច្ចេកវិទ្យា ក៏ព្រោះតែមហាសេដ្ឋីកូនច្រើនម្នាក់នេះមានដុងតាំងពីក្មេងលើការប្រើប្រាស់កុំព្យូទ័រ។

រំលឹកទៅកាលពីកុមារភាពរបស់ Elon Musk បន្តិចដែលបានធំធាត់នៅអាហ្វ្រិកខាងត្បូង ជានិច្ចកាលលោកតែងតែបង្កើតហ្គេមកុំព្យូទ័រសម្រាប់លក់ ហើយកម្រៃដែលលោករកបានតំបូងនោះគឺ ៥០០ដុល្លារ។

ក្រោយមកលោកបានផ្លាស់ទីលំនៅមករស់នៅប្រទេសកាណាដា និងបានចាប់ផ្ដើមអាជីពការងារជាវិស្វករកុំព្យូទ័រ ហើយក៏បានបង្កើតកម្មវិធីល្បីៗដូចជា Paypal ជាដើម ដែលក្រោយមកត្រូវបានទិញដោយ eBay ក្នុងតម្លៃ ១,៥ពាន់លានដុល្លារ។

សូមជម្រាបដែរថា បច្ចុប្បន្ន Elon Musk មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៧,២ពាន់លានដុល្លារ ឈរជាមហាសេដ្ឋីមានបំផុតលើលោក។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៕