ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះប្រធានាធិបតីលោក ស៊ី ជីនពីង បន្ទាប់ពីមេដឹកនាំចិនរូបនេះ បានបង្ហាញជំហរគាំទ្រលើការលុកលុយរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន ខណ:លោក ពូ ទីន ក៏បានបង្ហាញការគាំទ្រត្រលប់ទៅប្រទេសចិនវិញផងដែរ ក្នុងការឆ្លើយតបទៅកាន់សហរដ្ឋអាមេរិក លើបញ្ហាកោះតៃវ៉ាន់ ។
គួរឱ្យដឹងថា លោក ស៊ី បានធ្វើទស្សនកិច្ចក្រៅប្រទេស ជាលើកដំបូង ចាប់តាំងពីមានជំងឺកូវីដ ១៩ មក ខណ:ពេលដែលលោកបានជួបជាមួយ លោក ពូទីន នៅក្នុងទីក្រុង Samarkand ប្រទេស Uzbekistan ដែលជាកន្លែងមេដឹកនាំប្រទេសទាំងពីរ បានចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។
ដោយថ្លែងនៅក្នុងកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក លោក ពូទីន បានសរសើរដល់លោក ស៊ី ដែលបានបង្ហាញជំហររបស់គាត់ ចំពោះសង្គ្រាមនៅអ៊ុយក្រែន ជាពិសេស នៅពេលដែល រដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធមិនថ្កោលទោសទៅលើរុស្ស៊ី និងបង្ហាញការយល់ស្រប ជាមួយវិមានក្រឹមឡាំង ដែលបានចាត់ទុកជម្លោះនេះថាជា “ប្រតិបត្តិការយោធាពិសេស” ប៉ុណ្ណោះ ។
លើសពីនេះ ក្នុងអំឡុងការជួបគ្នា លោក ពូទីន ក៏បានគាំទ្រចិនយ៉ាងពេញទំហឹង ជុំវិញបញ្ហាកោះតៃវ៉ាន់ផងដែរ បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធា នៅជុំវិញកោះនោះ ក្រោយពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅធ្វើទស្សនកិច្ចកាលពីខែមុន។
បន្ថែមពីនេះ លោកពូទីនបាននិយាយទៀតថា យើងមានបំណងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ “ចិនតែមួយ” ។ ហើយយើងថ្កោលទោសចំពោះការបង្កហេតុ ដោយសហរដ្ឋអាមេរិក ចំពោះការលូកដៃលើកិច្ចការផ្ទៃក្នុងរវាងចិន និងតៃវ៉ាន់ ៕