តម្លៃផ្ទះ ការលក់ និងការវិនិយោគអចលនទ្រព្យចិន កាន់តែធ្លាក់ចុះបន្ថែមទៀត នៅក្នុងខែសីហា

អន្តរជាតិ

វិបត្តិនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កាន់តែធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ទៅ បន្ទាប់ពីទិន្នន័យផ្លូវការមួយ បានបង្ហាញពីតម្លៃផ្ទះ ការលក់ និងការវិនិយោគទាំងអស់ សុទ្ធសឹងតែបានធ្លាក់ចុះ នៅក្នុងខែសីហា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាក៏ដោយ ដំណឹងនេះហាក់មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទៀតនោះទេ បន្ទាប់ពីវិស័យអចលនទ្រព្យ បានទាញសេដ្ឋកិច្ចរបស់ប្រទេសចិន ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិអស់រយ:ពេលជាច្រើនខែមកហើយ ដោយសារតែការធ្វើកូដកម្មមិនបង់ប្រាក់កម្ចីលើការទិញផ្ទះ របស់អតិថិជន និងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍជាច្រើន ដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត នៅក្នុងវិស័យមួយនេះ ។

បើយោងតាមការគណនាដោយសារព័ត៌មាន Reuters ផ្នែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា តម្លៃផ្ទះថ្មី បានបន្តធ្លាក់ចុះ ០,៣% នៅក្នុងខែសីហា ដែលនេះបានបង្ហាញថា ការធ្លាក់ចុះត្រូវបានអូសន្លាយដោយកម្សោយនៃតម្រូវការ នៅក្នុងទីក្រុងតូចៗ ចំពេលមានការការយឺតយ៉ាវ ក្នុងការផ្តល់ជូនគម្រោង ដោយក្រុមហ៊ុនអភិវឌ្ឍ ដែលកំពុងជំពាក់បំណុលច្រើនលើសលុប ។

ជាងនេះទៅទៀត តម្លៃផ្ទះថ្មី ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះរយ:ពេល ៤ ខែជាប់ៗគ្នាមកហើយ គិតត្រឹមខែសីហា ដោយតម្លៃកាលពីខែកក្កដា បានធ្លាក់ចុះ ១,៣% ដែលជាការធ្លាក់ចុះលឿនបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៧ ឆ្នាំកន្លងមកនេះ ។

ជុំវិញស្ថានភាពដ៏អាក្រក់បែបនេះ អាជ្ញាធររបស់ចិន បានព្យាយាមចាត់វិធានការជាច្រើនមកហើយ ដើម្បីជំរុញដល់វិស័យអចលនទ្រព្យ នៅឆ្នាំនេះ រួមទាំងការបន្ធូរបន្ថយបទប្បញ្ញតិ្តលើការទិញផ្ទះ​ ការបង់រំលស់ខ្នាតតូច ការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ និងការកាត់បន្ថយតម្លៃលក់ផ្ទះ កាន់តែច្រើនផងដែរ ៕