ម៉ាឡេស៊ី រំពឹងខ្ពស់ថានឹងទទួលបាន ១៦ ពាន់លានដុល្លារ ពីការវិនិយោគលើវិស័យឌីជីថល ត្រឹមឆ្នាំ ២០២៥

អន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានបង្ហាញពីទំនុកចិត្តចំពោះសមត្ថភាពរបស់ប្រទេសខ្លួន ក្នុងការសម្រេចបាននូវគោលដៅ នៃការវិនិយោគលើវិស័យឌីជីថល ក្នុងទំហំទឹកប្រាក់ ៧០ ពាន់លានរីងហ្គីត ឬ ១៦ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ពោលគឺស្របតាមផែនការសេដ្ឋកិច្ចឌីជីថល ដែលរដ្ឋាភិបាលបានគ្រោងទុក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅឯសមាជពិភពលោកស្តីពពីនវានុវត្តន៍ និងបច្ចេកវិទ្យា (WCIT 2022) លោក Ismail បាននិយាយថា ប្រទេសម៉ាឡេស៊ី បានដើរតួយ៉ាងសំខាន់ ដើម្បីក្លាយជាមជ្ឈមណ្ឌលវិនិយោគលើប្រព័ន្ធឌីជីថល នៅក្នុងតំបន់អាស៊ាន ។

មិនតែប៉ុណ្ណោះ លោកគូសបញ្ជាក់ទៀតថា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ក៏ដូចជាប្រព័ន្ធអេកូឌីជីថល និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលកម្រិតខ្ពស់ ដូច្នេះវានឹងអាចធ្វើឱ្យម៉ាឡេស៊ី ក្លាយជាគោលដៅវិនិយោគឌីជីថលដ៏សំខាន់ នៅក្នុងតំបន់ ។

រដ្ឋមន្ត្រីរូបនេះ បានលើកឡើងបន្ថែមថា ចាប់តាំងពីគំនិតផ្តួចផ្តើម MSC Malaysia ដែលឥឡូវនេះត្រូវបានប្តូរឈ្មោះទៅជា Malaysia Digital (MD) ត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៩៦ មក ម៉ាឡេស៊ី បានទាក់ទាញការវិនិយោគឌីជីថល ដែលមានតម្លៃ ៣៨៤ ពាន់លានរីងហ្គីត រួចមកហើយ និងបានបង្កើតការងារ ១៨០ ០០០ កន្លែងថែមទៀតផង ។

លោក Ismail បានសង្កត់ធ្ងន់ថា ការវិនិយោគទាំងនេះ បានចូលមកតាមរយៈក្រុមហ៊ុនបរទេសចំនួន ២៨ ដែលពាក់ព័ន្ធទៅនឹងការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ សេវាកម្មព័ត៌មានវិទ្យា មាតិកាច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងសេវាកម្មអាជីវកម្មសកល ឬ GBS ជាដើម ៕