អតីតនិស្សិតបោះបង់ការសិក្សាក្លាយជាមហាសេដ្ឋី ក្រោយចុះកិច្ចសន្យាជាមួយ Adobe

អន្តរជាតិ

កាលពី​ថ្មីៗនេះ ក្រុមហ៊ុន Adobe បាន​ប្រកាស​ពី​គោលបំណង​ចង់ទិញ​យក​ក្រុមហ៊ុន Figma ដែល​ផ្ដល់​សេវាកម្ម​លើ​ការ​ឌីហ្សាញ ហើយ​វា​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០១២ ដោយ​បុគ្គល​ ២ រូប​គឺ Dylan Field និង Evan Wallace។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយពី DNAIndia បាន​ឲ្យ​ដឹង​ថា Adobe នឹង​ចាយលុយ​ប្រមាណ ២០ ពាន់​លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​មួយ​នេះ​ទាំងមូល ដែល​នេះ​មាន​ន័យ​ថា Field នឹង​ក្លាយជា​មហាសេដ្ឋី​ភ្លាមៗ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ ២ ពាន់​លាន​ដុល្លារ ក្រោយ​ការ​ចុះ​កិច្ចសន្យា​បាន​សម្រេច ដ្បិត​រូបគេ​មាន​ភាគហ៊ុន​សរុប ១០%។

សូម​រំលឹក​បកក្រោយ​បន្តិច​ថា សហ​ស្ថាបនិក Figma ទាំង ២​ រូប​នេះ​គឺ​មិន​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ឡើយ បើ​ទោះ​ជា​ពួកគេ​បាន​ចូលរៀន​នៅ​សកលវិទ្យាល័យ​ក្នុង​ក្ដី​ស្រមៃ Brown University។

អំឡុងពេល​សិក្សា​នោះ Field បាន​ចុះ​ហាត់ការងារ​ជាមួយ​ក្រុមហ៊ុន LinkedIn និង Flipboard ហើយ​ក៏​បាន​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា ដោយ​ងាក​មក​ធ្វើការ​ពេញ​ម៉ោង​ជាមួយ Figma ជាមួយ​នឹង​ប្រាក់​ខែ ១០០ ០០០ ដុល្លារ។

ដោយឡែក កាល​ចាប់ផ្ដើម​តំបូងៗ​បុរស​វ័យ ៣០ ឆ្នាំ​ក៏​ជួប​ឧបសគ្គ​មិន​តិច​ដង​ដែរ ដូចជា​មាន​ការ​ជំទាស់​ពី​ឪពុកម្ដាយ ដោយ​ពួកគាត់​យល់​ឃើញ​ថា Field មិនមាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ខ្លួន​ឯង និង​កង្វះខាត​កម្លាំង​ពលកម្ម​ជាដើម។

យ៉ាងណា ដូចពាក្យចាស់ពោល​ថា “ព្យាយាមគង់បានសម្រេច” ទីបំផុត​បុរស​ទាំង ២ រូប​នេះ​បាន​ជំនះ​ឧបសគ្គ​ទាំងពួង ហើយ​ក៏​បាន​ទទួល​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​ពី​វា​ផងដែរ​ ពោល​គិត​ត្រឹម​មុន​ពេល Adobe ទិញ​យក Figma ពួកគេ​ធ្លាប់​មាន​អតិថិជន​ជាវ​សេវាកម្ម​ធំៗ​ដូចជា Microsoft, Uber, Zoom, Airbnb, GitHub ទៀត​ផង៕