ចិន និងរុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំ ចាក់ទឹកមិនលេច ហើយថ្មីៗនេះថ្នាក់ដឹកនាំប្រទេសទាំង ២ ក៏បានជួបសំណេះសំណាល អំឡុងពេលកិច្ចប្រជុំ SCO ផងដែរ ជាហេតុធ្វើឲ្យអាមេរិកបោះសារព្រមានទៅកាន់ចិន កុំឲ្យលូកដៃក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

យោងតាមការចុះផ្សាយពី Al Arabiya បានឲ្យដឹងថា ប្រធានាធិបតិអាមេរិក ចូ បៃដិន បានព្រមានទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីងថា បើសិនជាហ៊ានគាំទ្ររុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន នោះចិននឹងខាតបង់ប្រយោជន៍ធំ គឺបាត់បង់វិនិយោគិនពីលោកខាងលិច។

“ខ្ញុំបានតេទៅនិយាយជាមួយប្រធានាធិបតីស៊ី មិនមែនក្នុងគោលបំណងគំរាមកំហែងអីទេ គ្រាន់តែចង់ប្រាប់គាត់ថា បើគាត់គិតថា អាមេរិកនឹងបន្តវិនិយោគនៅចិន បើទោះជាគាត់បំពានទណ្ឌកម្មដែលបានដាក់លើរុស្ស៊ី នោះគឺគាត់គិតខុសហើយ”។ នេះបើតាមសម្ដីរបស់លោកចូ បៃឌិនបាននិយាយ។

យ៉ាងណា តាំងពីផ្ទុះសង្គ្រាមចុងខែកុម្ភៈ មកទល់ពេលនេះមិនទាន់មានដំណឹងអ្វីពាក់ព័ន្ធនឹងការផ្ដល់ជំនួយសព្វាវុធពីចិនទៅកាន់រុស្ស៊ីសោះឡើយ។ នេះបើតាមបទសម្ភាសន៍របស់ CBS ជាមួយថ្នាក់ដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក៕